តម្លៃមាសត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះជាង ៩០ដុល្លារក្នុងមួយអោន មកនៅត្រឹម ៤ ០៨០ដុល្លារ ដោយសារតែតម្លៃប្រាក់ដុល្លារអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី២៣ មិថុនា តម្លៃមាសបានធ្លាក់ចុះ ៨០ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ១១០ដុល្ល្លារក្នុងមួយអោន។ ហើយនៅពេលការជួញដូរបើកឡើងវិញ នៅថ្ងៃទី២៤ មិថុនានេះ តម្លៃមាសបានបន្តធ្លាក់ចុះបន្ថែមទៀត មកនៅត្រឹម ៤ ០៨០ដុល្លារក្នុងមួយអោន។
គួរឲ្យដឹងថា ទីផ្សារមាសពិភពលោកបានធ្លាក់ចុះ ខណៈពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំ ដែលជំរុញដោយការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។ ការរំពឹងទុកទាំងនេះបានគ្របដណ្ដប់លើការធ្លាក់ចុះនៃតម្លៃប្រេង ចំពេលការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្ត។
ជម្រាបជូនថា សន្ទស្សន៍ប្រាក់ដុល្លារ ដែលជារង្វាស់នៃភាពរឹងមាំរបស់ប្រាក់ដុល្លារធៀបនឹងរូបិយប័ណ្ណសំខាន់ៗបច្ចុប្បន្នស្ថិតនៅចំណុច ១០១,៣ ពិន្ទុ។ នេះគឺជាកម្រិតខ្ពស់បំផុតរបស់ប្រាក់ដុល្លារ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មក៕

