លោក ត្រាំ ណែនាំឲ្យកប៉ាល់ដឹកទំនិញនានា បង្ហាញភាពក្លាហាន ពេលឆ្លងកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា កប៉ាល់ដឹកទំនិញមិនគួរមានអ្វីត្រូវខ្លាចនោះឡើយ នៅពេលឆ្លងកាត់ច្រកសមុទ្រ Hormuz ទោះបីជាមានការព្រមានយ៉ាងម៉ឺងម៉ាត់ពីអ៊ីរ៉ង់ ចំពោះការវាយប្រហារក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fox News នៅថ្ងៃទី១២ ខែមីនា ទាក់ទងនឹងភាពតានតឹងនៅក្នុងច្រកសមុទ្រ Hormuz ប្រធានាធិបតីអាមេរិក លោក ត្រាំ បានណែនាំថា កប៉ាល់ពាណិជ្ជកម្មគួរតែបង្ហាញភាពក្លាហាន និងធ្វើដំណើរឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានចោទប្រកាន់លើអ៊ីរ៉ង់ថា បានបង្វែក្បាលមីស៊ីលរាប់ពាន់គ្រាប់ទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលបួនខែកន្លងមកនេះ ដោយមានបំណងចង់គ្រប់គ្រងតំបន់នេះទាំងមូល។ ប៉ុន្តែទោះជាយ៉ាងណា លោក ត្រាំ សង្កត់ធ្ងន់ទៀតថា យោធាអាមេរិកបានបំផ្លាញអ្វីដែលជាការគំរាមកំហែងទាំងនោះអស់ហើយ និងគ្មានអ្វីត្រូវខ្លាចទៀតទេ។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright បានទទួលស្គាល់នៅថ្ងៃទី១២ ខែមីនាថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកមិនអាចអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ភ្លាមៗបានទេ ដោយសារតែខ្វះធនធាន ហើយអាចដាក់ពង្រាយប្រតិបត្តិការនេះ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

ជម្រាបជូនផងដែរថា កន្លងមក លោក ត្រាំ ធ្លាប់បានប្រកាសថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាជាក់លាក់ណាមួយឡើយ។ ផ្លូវទឹកយុទ្ធសាស្ត្រនេះនៅតែកកស្ទះដោយសារតែការភ័យខ្លាចរបស់ម្ចាស់នាវាថា អ៊ីរ៉ង់នឹងវាយប្រហារនាវារបស់ពួកគេ ដែលរំខានដល់លំហូរប្រេង និងឧស្ម័នពីឈូងសមុទ្រទៅកាន់ពិភពលោកទាំងមូល៕​