ទ្រព្យសមម្បត្តិរបស់លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi បានធ្លាក់ចុះអស់ ៤៨% ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ មកនៅត្រឹម ២៥,១ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះដ៏ច្រើនបំផុតក្នុងចំណោមមហាសេដ្ឋីចិន។

យោងតាមបញ្ជីមហាសេដ្ឋីចិន Hurun China Rich List បានបង្ហាញថា ការធ្លាក់ចុះនេះ បានធ្វើឲ្យលោក Lei ធ្លាក់តំណែងពីមហាសេដ្ឋីមានបំផុតទី៥ របស់ចិន ក្នុងឆ្នាំ២០២៥ មកកាន់លេខរៀងទី១៧ នៅឆ្នាំនេះ។
មិនតែប៉ុណ្ណោះ លោក Lei ក៏ស្ថិតក្នុងចំណោមសហគ្រិនបីនាក់ដែលបានធ្លាក់ចេញពីបញ្ជីបុគ្គលមានបំផុតទាំង១០ របស់ប្រទេសចិននៅឆ្នាំនេះផងដែរ រួមជាមួយលោក Colin Huang ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo និងលោក Eric Li Shufu ស្ថិបនិកក្រុមហ៊ុនផលិតរថយន្ត Geely។
យោងតាមស្ថាប័ន Hurun បានលើកឡើងទៀតថា ការធ្លាក់ចុះទ្រព្យសម្បត្តិរបស់លោក Lei ភាគច្រើនបណ្តាលមកពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi ដែលបានធ្លាក់ចុះ និងការចំណាយប្រាក់ច្រើនលើការពង្រីកខ្លួនចូលទៅក្នុងវិស័យរថយន្តអគ្គិសនី ដែលជាទីកន្លែងក្រុមហ៊ុនផលិតរថយន្តចិនកំពុងប្រឈមមុខនឹងការប្រកួតប្រជែងតម្លៃយ៉ាងខ្លាំងក្លា៕

