សហរដ្ឋអាមេរិក គ្រោងផលិតកាក់មាសមានរូបរបស់ប្រធានាធិបតី ដូណាល់ ត្រាំ

អន្តរជាតិ

សហរដ្ឋអាមេរិក គ្រោងនឹងផលិតកាក់មាស ២៤ ការ៉ាត់ដែលមានរូបរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅលើនោះ ដើម្បីរំលឹកខួបទី២៥០ នៃឯករាជ្យភាពរបស់ខ្លួន បន្ទាប់ពីគណៈកម្មការសិល្បៈសភាបានអនុម័តទៅលើការរចនានេះរួចរាល់ហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការវិចិត្រសិល្បៈសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែមីនា បានបោះឆ្នោតអនុម័តការរចនាចុងក្រោយសម្រាប់កាក់មាស ២៤ ការ៉ាត់ដែលមានរូបរបស់លោក ត្រាំ ដើម្បីរំលឹកខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែកក្កដាខាងមុខ។

យ៉ាងណាមិញ សមាជិកគណៈកម្មាធិការទាំងអស់សុទ្ធតែជាអ្នកគាំទ្រលោក ត្រាំ ហើយត្រូវបានតែងតាំងដោយប្រធានាធិបតីនៅដើមឆ្នាំនេះ។ ពួកគេបានឯកភាពគ្នាថាការរចនាកាក់ថ្មីនឹងមានរូបរបស់លោក ត្រាំ ដែលឈរនៅក្នុងការិយាល័យ Oval នៅផ្នែកម្ខាង ជាមួយនឹងលេខឆ្នាំ១៧៧៦ និងឆ្នាំ២០២៦ ខណៈផ្នែកម្ខាងទៀតនៃកាក់នឹងមាននិមិត្តសញ្ញាឥន្ទ្រីអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងទំហំ និងតម្លៃកាក់ នៅតែស្ថិតក្នុងការពិភាក្សានៅឡើយ។

ជម្រាបជូនផងដែរថា យោងតាមច្បាប់សហព័ន្ធបានចែងថា គ្មានប្រធានាធិបតីណាម្នាក់ដែលកំពុងកាន់អំណាចត្រូវបានអនុញ្ញាតឲ្យបង្ហាញមុខនៅលើរូបិយប័ណ្ណអាមេរិកឡើយ។ តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Megan Sullivan ប្រធានស្តីទីនៃការិយាល័យគ្រប់គ្រងការរចនានៅរោងកាក់ អាមេរិក បានចង្អុលបង្ហាញថា បទប្បញ្ញត្តិមួយនៅក្នុងច្បាប់សហរដ្ឋអាមេរិក គឺអនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងរតនាគារសម្រេចចិត្តលើការបោះពុម្ព និងការចេញកាក់ចំនួន ១២ ប្រភេទ រួមទាំងកាក់មាសមួយចំនួនផងដែរ៕​