សហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ បានបង្កើតក្របខ័ណ្ឌច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យលក់ចេញប្រេង និងទំនិញរបស់រុស្ស៊ីដែលរឹបអូសបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TASS។

យន្តការថ្មីនេះ ដែលរួមបញ្ចូលនៅក្នុងកញ្ចប់ទណ្ឌកម្មលើកទី២១ ប្រឆាំងនឹងរុស្ស៊ីដែលបានប្រកាសដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ គឺនឹងអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋជាសមាជិក EU អនុវត្ត “វិធានការដោះស្រាយសុវត្ថិភាព” ចំពោះការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីដែលរឹបអូសបាន រួមទាំងការនាំចូល ផ្ទេរ រក្សាទុក គ្រប់គ្រង និងលក់។
យ៉ាងណាមិញ យោងតាមមន្ត្រីសហភាពអឺរ៉ុបម្នាក់បាននិយាយថា បទប្បញ្ញត្តិថ្មីនេះមានសារៈសំខាន់ជាពិសេស ដោយអនុញ្ញាតឱ្យរដ្ឋជាសមាជិករឹបអូសទំនិញនៅលើនាវាដែលជាកម្មសិទ្ធិរបស់ “កងនាវាស្រមោល” ដែលត្រូវបានស្ទាក់ចាប់ និងឆែកឆេរដោយអាជ្ញាធរសហភាពអឺរ៉ុប។ កងនាវាស្រមោល គឺសំដៅលើក្រុមនាវាដឹកប្រេង ឬទំនិញ ដែលប្រតិបត្តិការក្រៅប្រព័ន្ធផ្លូវការ និងមិនមានតម្លាភាព ដើម្បីគេចវាងពីទណ្ឌកម្មសេដ្ឋកិច្ច ឬការកម្រិតតម្លៃអន្តរជាតិ។
គួរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បណ្តាប្រទេសនៅអឺរ៉ុបបានបង្កើនសកម្មភាពអនុវត្តទណ្ឌកម្មតាមសមុទ្ររបស់ពួកគេ។ កាលពីខែមីនា ប្រទេសបែលហ្ស៊ិកបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងដែលសង្ស័យថាជា “កងនាវាស្រមោល” របស់រុស្ស៊ីនៅសមុទ្រខាងជើង។ នាវានេះមានសមត្ថភាពផ្ទុកប្រេងប្រហែល ៣៣០,០០០ បារ៉ែល ដែលមានតម្លៃប៉ាន់ស្មានប្រហែល ២៦លានដុល្លារ។
មិនតែប៉ុណ្ណោះ កាលពីខែមុន បារាំងបានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងដែលបានរំលោភលើទណ្ឌកម្មដោយផ្ទុកទំនិញនៅកំពង់ផែ Murmansk របស់រុស្ស៊ី។ នាវានេះមានសមត្ថភាពផ្ទុកប្រេងប្រហែល ៦០០,០០០ បារ៉ែល ដែលមានតម្លៃប៉ាន់ស្មានប្រហែល ៤៨លានដុល្លារ។
ជុំវិញវិធានការនេះ រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការរឹបអូសនាវារបស់ខ្លួន ដោយបង្ហាញថាវាជាទង្វើ “ចោរសមុទ្រ” ហើយបានសន្យាថានឹងសងសឹក “ជាមួយនឹងវិធានការចាំបាច់ទាំងអស់”៕

