ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសដកតំណែងទីប្រឹក្សាសន្តិសុខជាតិ ពីលោក Mike Waltz ហើយបានតែងតាំងលោក Marco Rubio ដែលជារដ្ឋមន្ត្រីការបរទេសនោះ ឲ្យឡើងកាន់តំណែងនេះបណ្តោះអាសន្នវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការដកតំណែងពីទីប្រឹក្សាសន្តិសុខជាតិនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តឲ្យលោក Waltz ទទួលយកតំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិវិញ។
ដោយថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី១ ខែឧសភា លោក ត្រាំ បាននិយាយថា ៖” ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា ខ្ញុំនឹងតែងតាំងលោក Mike Waltz ឲ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ។ នៅក្នុងវិស័យយោធា នៅក្នុងសមរភូមិ នៅក្នុងសភា និងជាទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz បានធ្វើការដោយមិនចេះនឿយហត់ដើម្បីដាក់ផលប្រយោជន៍របស់ប្រទេសជាអាទិភាព។ ខ្ញុំជឿជាក់ថាគាត់នឹងបន្តធ្វើការដូចគ្នានេះ នៅក្នុងមុខតំណែងថ្មីរបស់គាត់”។
គួរឲ្យដឹងផងដែរថា តំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ ទាមទារមានការបញ្ជាក់ពីព្រឹទ្ធសភា។ លោក ត្រាំ ធ្លាប់បានតែងតាំងលោកស្រី Elise Stefanik ដែលជាសមាជិកសភារបស់បក្សសាធារណៈរដ្ឋ ប្រចាំក្រុងញូវយ៉ក សម្រាប់មុខតំណែងនេះរួចម្តងហើយ ប៉ុន្តែត្រូវបានដកចេញវិញ នៅចុងខែមីនា។
ទន្ទឹមនឹងនេះ ប្រធានាធិបតីលោក ត្រាំ ក៏បាននិយាយផងដែរថា លោកនឹងដាក់ឈ្មោះរដ្ឋលេខាធិការ Marco Rubio ជាទីប្រឹក្សាសន្តិសុខជាតិបណ្តោះអាសន្នសិន ខណៈដែលការស្វែងរកអ្នកជំនួសនៅតែបន្តធ្វើឡើង។ ហើយជុំវិញការតែងតាំងនេះ លោក Rubio នឹងក្លាយជាបុគ្គលដំបូង ដែលកាន់តំណែងពីរក្នុងពេលដំណាលគ្នា គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក៕

