រដ្ឋាភិបាលចិន ព្រមទទួលយកការសុំទោសរបស់តារាបាល់ទាត់ឆ្នើមបារាំង Kylian Mbappe បន្ទាប់ពីមានរឿងចម្រូងចម្រាស់

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ការសុំទោសរបស់ Kylian Mbappe បន្ទាប់ពីកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិបារាំងរូបនេះបានធ្វើអត្ថាធិប្បាយចម្រូងចម្រាសមួយពាក់ព័ន្ធនឹងថ្នាក់ដឹកនាំរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៨ ខែតុលា ដោយសំដៅទៅលើកីឡាករបាល់ទាត់ Kylian Mbappe ថា៖ “យើងយកចិត្តទុកដាក់ខ្ពស់ចំពោះការសុំទោសដែលគាត់បានបង្ហាញជូនមកកាន់យើង”។

យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយរបស់លោក Guo នេះ ត្រូវធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid រូបនេះ បានចេញមុខសុំទោសចំពោះការអត្ថាធិប្បាយចម្រូងចម្រាសដែលរូបគេបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសតាមអ៊ីនធឺណិតកាលពីពេលមុន ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំចិន។

គួរឲ្យដឹងថា Mbappe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាបារាំង ចិន និងអង់គ្លេសថា៖ “ពាក្យសម្តីរបស់ខ្ញុំកន្លងមក គឺខ្វះការពិចារណា។ ខ្ញុំយល់ថាការអធិប្បាយទាំងនោះបានប៉ះពាល់ដល់មនុស្សជាច្រើននៅក្នុងប្រទេសចិន ក៏ដូចជាសហគមន៍ចិននៅជុំវិញពិភពលោកផងដែរ។ ខ្ញុំសូមអភ័យទោសចំពោះការបង្កឱ្យមានការអាក់អន់ចិត្តមួយនេះ”។

ជម្រាបជូនថា Mbappe ទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋចិន បន្ទាប់ពីរូបគេបាននិយាយលេងសើចពាក់ព័ន្ធទៅនឹងអតីតថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន គឺលោក ម៉ៅ សេទុង។ ភ្លាមៗក្រោយពីនោះ ខាងក្រុមហ៊ុនប្រ៊ែនធំៗរបស់ចិន បានសម្រេចបញ្ចប់កិច្ចសន្យាពាណិជ្ជកម្មជាមួយកីឡាបាល់ទាត់រូបនេះតែម្តង និងសូម្បីតែការចាក់ផ្សាយការប្រកួតលីគកំពូលអេស្ប៉ាញ La Liga ក៏ត្រូវបានហាមឃាត់ នៅក្នុងប្រទេសចិន ផងដែរ៕​