បុរសខ្លាំង ពូទីន កោតសរសើរមហាសេដ្ឋី Elon Musk ថាជាមនុស្សអច្ឆរិយ

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបង្ហាញការកោតសរសើរចំពោះមហាសេដ្ឋី Elon Musk ថាជាមនុស្សមានទេពកោសល្យខ្ពស់ ខណៈពេលដែលលោកក៏បានបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីទើបតែបានចាប់ផ្តើមជំហានដំបូងរបស់ខ្លួនក្នុងការដាក់ពង្រាយប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប ដើម្បីជំនួសឱ្យប្រព័ន្ធ Starlink។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RIA Novosti។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ លោក ពូទីន បានធ្វើការអធិប្បាយបែបនេះ បន្ទាប់ពីបានស្តាប់របាយការណ៍ពីសំណាក់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល លោក Maksut Shadayev ស្តីពីប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Rassvet ដែលត្រូវបានគេដាក់រហស្សនាមថា “Starlink របស់រុស្ស៊ី”។ លោក Shadayev បានមានប្រសាសន៍ថា ប្រព័ន្ធ Rassvet មានផ្កាយរណបចំនួន ៣២ រួចហើយនៅក្នុងគន្លងគោចរ ហើយរុស្ស៊ីមានគម្រោងដំឡើងចំនួននេះឱ្យបានដល់ ២៩២ គ្រឿងនៅឆ្នាំ២០២៧ និងដល់ ៩០០ គ្រឿងនៅឆ្នាំ២០៣៥។

លោក ពូទីន បាននិយាយបន្ថែមទៀតថា ៖ “បច្ចុប្បន្ននេះផ្កាយរណបរបស់លោក Musk អាចមានច្រើនជាង ៥ ០០០ គ្រឿង។ ហើយពួកយើងគឺទើបតែចាប់ផ្តើមជំហានដំបូងរបស់យើងតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ យើងមានមោទនភាពដែលបានចាប់ផ្តើមគម្រោងនេះ និងអនុវត្តវាដោយខ្លួនឯង”។

លើសពីនេះ មេដឹកនាំវិមានក្រឹមឡាំងរូបនេះបានបន្ថែមថា ប្រទេសរុស្ស៊ីកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូអាមេរិក រួមទាំងលោក Musk ផងដែរ ព្រោះវាមានសារៈសំខាន់ណាស់នៅលើគន្លងផ្លូវនេះ ដែលធានាបានថាភាគីទាំងពីរមិនរារាំងគ្នាទៅវិញទៅមក ដោយរក្សាបាននូវកម្រិតជាក់លាក់នៃវិន័យ និងសណ្តាប់ធ្នាប់ចំពោះវិស័យអវកាស៕​