អាមេរិក ផ្តល់កុងត្រាតម្លៃជិត ២៣ពាន់លានដុល្លារ ដើម្បីពន្លឿនការផលិតមីស៊ីល Tomahawk

អន្តរជាតិ

សហរដ្ឋអាមេរិក បានផ្តល់កិច្ចសន្យាដែលមានតម្លៃ ២២,៩ពាន់លានដុល្លារដល់ក្រុមហ៊ុនការពារជាតិខ្នាតយក្ស Raytheon ដើម្បីបង្កើនការផលិតមីស៊ីលចម្ងាយឆ្ងាយ Tomahawk។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Hung Cao រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសនៅលើបណ្តាញសង្គម នៅថ្ងៃទី១៨ ខែសីហាថា ការវិនិយោគទឹកប្រាក់ចំនួន ២២,៩ពាន់លានដុល្លារដែលជាចំនួនបំបែកកំណត់ត្រានេះ នឹងជួយពន្លឿនការដឹកជញ្ជូនមីស៊ីល Tomahawk ទៅឱ្យយោធាក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។

យ៉ាងណាមិញ បើតាមក្រុមហ៊ុន Raytheon បាននិយាយថាកិច្ចសន្យានេះនឹងមានរយៈពេលប្រាំពីរឆ្នាំ ដែលអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតមីស៊ីល Tomahawk ដល់ជាង ១០០០ គ្រាប់ក្នុងមួយឆ្នាំ បើប្រៀបធៀបទៅនឹងកម្រិតបច្ចុប្បន្នដែលមានតិចជាង ២០០ គ្រាប់ប៉ុណ្ណោះ។

គួរជម្រាបជូនផងដែរថា មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ត្រូវបានគេស្គាល់ថាជា “អ្នកនាំសារសង្គ្រាម” ព្រោះវាត្រូវបានបាញ់ដោយសហរដ្ឋអាមេរិកជាញឹកញាប់ ដើម្បីចាប់ផ្តើមការវាយប្រហារជាមុនប្រឆាំងនឹងសត្រូវ នៅក្នុងជម្លោះជាច្រើន។ មីស៊ីលនីមួយៗមានតម្លៃចន្លោះពី ២ ទៅ ៤លានដុល្លារ ត្រូវបានបំពាក់ដោយក្បាលគ្រាប់ទម្ងន់ ៤៥០ គីឡូក្រាម និងមានចម្ងាយបាញ់ប្រហែល ១ ៦០០-២ ៥០០គីឡូម៉ែត្រអាស្រ័យលើការអាប់ដេត៕​