តម្លៃប្រេងឆៅ បន្តកើនជាង ១% បន្ថែមទៀត ខណៈការប្រឈមមុខគ្នាក្នុងសង្រ្គាមអ៊ីរ៉ង់ ហាក់មិនទាន់បញ្ចប់

អន្តរជាតិ

តម្លៃប្រេងឆៅអន្តរជាតិ បានបន្តកើនឡើងជាង ១% បន្ថែមទៀត នៅថ្ងៃទី២៨ ខែមេសានេះ ដែលជាការកើនឡើងបន្ទាប់ពីការជួញដូរនៅវគ្គមុន ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែអដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់ ហាក់នៅតែបន្តជាប់គាំងនៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងឆៅប្រភេទ Brent បានបន្តកើនឡើង ១,៤១ដុល្លារ ឬស្មើនឹង ១,៣% ដល់ ១០៩,៦៤ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការកើនឡើង ២,៨% ក្នុងការជួញដូវពីវគ្គមុន។ នេះជាកើនឡើងដ៏ខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៧ ខែមេសាមក។

ទន្ទឹមនឹងនេះ​ ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ក៏បានកើនឡើង ១,២៧ដុល្លារ ឬ ១,៣% ដល់ ៩៧,៦៤ដុល្លារក្នុងមួយបារ៉ែល ផងដែរ បន្ទាប់ពីបានកើនឡើង ២,១% នៅក្នុងវគ្គមុន។

ជម្រាបជូនថា ជុំវិញការបន្តកើនឡើងនេះ ដោយសារតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា មិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ដែលមានគោលបំណងបញ្ចប់សង្គ្រាមនោះទេ។ ការមិនពេញចិត្តរបស់លោក ត្រាំ ចំពោះការផ្តល់ជូនរបស់អ៊ីរ៉ង់នេះ បានធ្វើឱ្យជម្លោះបន្តជាប់គាំង ដោយអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ស្មើនឹងប្រហែល ២០% នៃប្រេង និងឧស្ម័នសកល៕​