បណ្តាប្រទេសនៅអឺរ៉ុប កំពុងចំណាយលុយកាន់តែច្រើនឡើង សម្រាប់ការនាំចូលប្រេងឥន្ធនៈនៅឆ្នាំនេះ បន្ទាប់ពីមានភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាកាលពីខែកុម្ភៈ ឆ្នាំ ២០២៦។ មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ក៏កំពុងប្រឈមមុខនឹងតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតដែលកាន់តែកើនឡើងខ្ពស់ទៅៗផងដែរ។

យោងតាមទិន្នន័យស្តីពីការចំណាយលើការនាំចូលរបស់សហភាពអឺរ៉ុប (EU) បានបង្ហាញឱ្យឃើញថា តម្លៃនៃការនាំចូលប្រេងឥន្ធនៈទាំងនោះបានកើនឡើងយ៉ាងគំហុក បើធៀបទៅនឹងឆ្នាំមុន។
នៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ នេះ សហភាពអឺរ៉ុបបានចំណាយទឹកប្រាក់ជាមធ្យម ២៧,៦ពាន់លានអឺរ៉ូ ឬប្រមាណជាង ៣០ពាន់លានដុល្លារ ក្នុងមួយខែសម្រាប់ការនាំចូលប្រេងឥន្ធនៈ ពោលគឺបានកើនឡើង ៥៥,៨% ធៀបនឹងចំនួន ១៧,៧ពាន់លានអឺរ៉ូក្នុងមួយខែ កាលពីឆ្នាំ២០២៥។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បរិមាណប្រេងដែលបាននាំចូលគឺស្ទើរតែមិនមានការផ្លាស់ប្តូរឡើយ បើធៀបទៅនឹងឆ្នាំមុន។ វាបានកើនឡើងត្រឹមតែ ១,២% ប៉ុណ្ណោះ ពោលគឺពីចំនួន ៣៦,៣ លានតោនក្នុងមួយខែនៅឆ្នាំ២០២៥ មក ៣៦,៧ លានតោន។
យ៉ាងណាមិញ នេះមានន័យថា សហភាពអឺរ៉ុបបានចំណាយទឹកប្រាក់បន្ថែមចំនួន ៩,៩ពាន់លានអឺរ៉ូ ឬប្រមាណជាង ១០ពាន់លានដុល្លារក្នុងមួយខែ សម្រាប់ការនាំចូលប្រេងឥន្ធនៈនៅឆ្នាំនេះ។ តម្លៃប្រេងក្នុងមួយតោនក៏បានកើនឡើងផងដែរ គឺពី ៤៨៧អឺរ៉ូ ឡើងដល់ ៧៥០អឺរ៉ូ ក្នុងរយៈពេលដូចគ្នានេះ ដែលជាកម្រិតខ្ពស់បំផុតដូចទៅនឹងកាលពីឆ្នាំ២០២២ ដែរ៕

