លោក វង្សី វិស្សុត លើកទឹកចិត្ដក្រុមហ៊ុនមួយនៅខេត្ដកំពង់ធំប្រមូលទិញកសិផលពីសហគមន៍ និងប្រជាកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា

សង្គម​ និង​សេដ្ឋកិច្ច

លោក​ វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកទឹកចិត្ដក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ប្រមូលទិញកសិផលពីសហគមន៍ និងប្រជាកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយរួមទាំងលទ្ធភាពនៃការផ្ដល់ទុនបង្វិល ពូជ និងបច្ចេកវិទ្យា ក្នុងការដាំដុះ ដើម្បីបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពនាំចេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកទឹកចិត្ដរបស់លោក​ វង្សី វិស្សុត ធ្វើឡើងនៅក្នុងអញ្ជើញចុះពិនិត្យរោងចក្រកែច្នៃដំឡូងមី កៅស៊ូ និងគម្រោងវិនិយោគកែច្នៃកសិ-ឧស្សាហកម្មចម្រុះ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

តាមការបញ្ជាក់ឱ្យដឹង ក្នុងដំណើរចុះបំពេញបេសកកម្មនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរបានអញ្ជើញ​​ចុះពិនិត្យរោងចក្រចំនួន៤ មានដូចជា៖ ១,រោងចក្រកែច្នៃដំឡូងមី ស្ថិត​នៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ២,គម្រោងវិនិយោគ​របស់ក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក និងទី៣ក្រុមហ៊ុន ស៊ី​.​អ.ស៊ី.ខេ​.២ អភិ​វឌ្ឍន៍​ កៅ​ស៊ូ​ ឯ.ក និងទី៤ ក្រុមហ៊ុន បៀន​ ហៀក​ អ៊ិន​វេស​មេន ឯ.ក ក្នុងភូមិសាស្ត្រ​ស្រុកស្ទោង។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការចុះមកដល់ទីតាំងរោងចក្រកែច្នៃដំឡូងមី និងកៅស៊ូ ព្រមទាំងទីតាំងគម្រោងសាងសង់រោងចក្រកែច្នៃកសិ-ឧស្សាហកម្មចម្រុះនាពលនេះ គឺក្នុងគោលបំណងជួយដោះស្រាយ​បញ្ហាប្រឈមនៅនឹងកន្លែង និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតរបស់អ្នកវិនិយោគ អ្នកផលិត សហគមន៍ និងប្រជាកសិករ ដើម្បីបង្កើនសមត្ថភាពផលិត តម្លៃបន្ថែម និងការប្រកួតប្រជែង ព្រមទាំង​លទ្ធភាពធ្វើឱ្យកាន់តែប្រសើរឡើងនូវការទាក់ទាញវិនិយោគ និងធុរកិច្ច ក្នុងមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ​ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនពួកគាត់ ដែលនឹង​ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសដៅ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់​សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក វង្សី វិស្សុត បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ឱ្យធ្វើការសិក្សា​ពីការអនុវត្តល្អៗ​ពី​រោងចក្រ ឬក្រុមហ៊ុន​ផ្សេងទៀត ដែលកំពុងដំណើរការបានល្អ ព្រមទាំងធ្វើការសិក្សារៀបចំផែនការ​ឡូជីស្ទិក និងការ​ប្រើប្រាស់ប្រភពថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។

ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យគិតគូរអំពីផងដែរ អំពីការប្រមូលទិញកសិផលពីសហគមន៍ និងប្រជាកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយរួមទាំងលទ្ធភាពនៃការផ្ដល់ទុនបង្វិល ពូជ និងបច្ចេកវិទ្យា ក្នុងការដាំដុះ ដើម្បីបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពនាំចេញផងដែរ។

គួរបញ្ជាក់ដែរថា​ ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្តែង បច្ចុប្បន្នខេត្តកំពង់ធំ មានផ្ទៃដីដំណាំដំឡូងមីប្រមាណជាង ៥៤ ០០០ ហិកតា ដោយទទួលបានទិន្នផល​ប្រមាណ ១,២លានតោន ក្នុង១ឆ្នាំ និងមានផ្ទៃដីដំណាំកៅស៊ូប្រមាណ ៧៣ ០០០ ហិកតាផងដែរ៕