តម្លៃមាសអន្តរជាតិ រំពឹងថានឹងបន្តធ្លាក់ចុះបន្ថែមទៀត នៅក្នុងសប្តាហ៍នេះ

អន្តរជាតិ

បន្ទាប់ពីមានការធ្លាក់ចុះអសរយៈពេលមួយសប្តាហ៍កន្លងមក អ្នកជំនាញប្រចាំនៅ Wall Street បានព្យាករថាតម្លៃមាសអន្តរជាតិ អាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត នៅក្នុងសប្តាហ៍នេះ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kitco។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា ក្រោយពីបានកើនឡើងដល់កម្រិតបំបែកកំណត់ត្រាអស់ពេល ៩សប្តាហ៍កន្លងមក តម្លៃមាសអន្តរជាតិកាលពីសប្តាហ៍មុន បានធ្លាក់ចុះយ៉ាងខ្លាំង។ ហើយនៅក្នុងការជួញដូរវគ្គចុងក្រោយ គិតនៅត្រឹមថ្ងៃទី២៤ ខែតុលា តម្លៃមាសបានថយចុះមកនៅត្រឹម ៤ ១១១ដុល្លារ ក្នុងមួយអោន ពោលគឺធ្លាក់ចុះអស់ជិត ១៥០ដុល្លារ បើធៀបទៅនឹងដើមសប្តាហ៍នោះ។

យ៉ាងណាមិញ​បើតាមការវិភាគរបស់អ្នកជំនាញប្រចាំនៅ Wall Street ភាគច្រើនរំពឹងទុកថាតម្លៃមាសនឹងបន្តធ្លាក់ចុះ នៅសប្តាហ៍នេះ ស្របពេលវិនិយោគិនបន្តលក់ចេញ បើទោះបីជាមានការប៉ះពាល់អារម្មណ៍ ដោយសារការធ្លាក់ចុះ នៅក្នុងរយៈពេលចុងក្រោយនេះ ក៏ដោយ។

ទន្ទឹមនឹងនេះ លោក Alex Kuptsikevich អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ FxPro ក៏បានព្យាករថា មាសនឹងបន្តធ្លាក់ចុះនៅសប្តាហ៍នេះ ហើយការធ្លាក់ចុះអាចនឹងបន្តទៅក្នុងរយៈពេលខាងមុខទៀត។ យោងតាមលោក ស្ថានភាពបច្ចុប្បន្នស្រដៀងនឹងឆ្នាំ២០២០ នៅពេលដែលមាសបានធ្លាក់ចុះអស់រយៈពេល ៣០សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំង។

ជម្រាបជូនផងដែរថា ទីផ្សារមាសសកលនៅឆ្នាំនេះបានកើនឡើងយ៉ាងខ្លាំងដោយសារតែមានភាពតានតឹងលើភូមិសាស្រ្តនយោបាយ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ក៏ដូចជាមានការព្យាករទុកអំពីការការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ផងដែរ៕​