សភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពកម្ពុជានិងហុងគ្រី មិនត្រឹមតែផ្តល់តម្លៃសម្រាប់ពលរដ្ឋទំាងពីរប្រទេសប៉ុណ្ណោះទេ តែជាច្រកនៃទំនាក់ទំនងអាស៊ី និងអឺរ៉ុប ថែមទៀតផង។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសហុងគ្រី។

នាឱកាសនោះ កម្ពុជា-ហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។

ក្នុងឱកាសនោះ លោក ឡាស្លូ កូវឺរ បានបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំរបស់ប្រទេសទំាងពីរ ទំាងស្ថាប័នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាបន្តបន្ទាប់នេះ បានបង្ហាញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ។ នៅក្នុងឆ្នាំ២០២៦ ខាងមុខ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ហុងគ្រី កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនឹងត្រូវពង្រឹងពង្រីកបន្ថែមទៀត។ ហុងគ្រីនឹងជំរុញការបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ក្នុងពេលឆាប់ៗនេះ និងដំឡើងចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាពី១៥នាក់ទៅ៣០នាក់ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ លោកស្រី ឃួន សុដារី បានលើកឡើងថាកម្ពុជា និងហុងគ្រី ជាមិត្តដ៏ល្អស្មោះត្រង់ ជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ហុងគ្រីជាមិត្តដ៏ល្អរបស់កម្ពុជាឆ្លងទ្វីប ខណៈលោកស្រីថា ចំណងមិត្តភាពកម្ពុជានិងហុងគ្រី មិនត្រឹមតែផ្តល់តម្លៃសម្រាប់ពលរដ្ឋទំាងពីរប្រទេសប៉ុណ្ណោះទេ តែជាច្រកនៃទំនាក់ទំនងអាស៊ី និងអ៉រ៉ុប ថែមទៀតផង។
សូមជម្រាបថា បច្ចុប្បន្នហុងគ្រីជាប្រទេសមួយដែលនាំមុខខាងវិស័យកសិកម្ម ធនធានទឹក បរិស្ថាន និងបច្ចេកវិទ្យា។ រដ្ឋសភាកម្ពុជា ក៏បានស្នើហុងគ្រី ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យទេសចេណ៍ វិនិយោគ ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍ពលរដ្ឋប្រទេសទំាងពីរផងដែរ៕ អត្ថបទ៖ហ្សាលីន


