អាមេរិក និងជប៉ុន ឈានដល់ការចុះកិច្ចព្រមព្រៀងលើរ៉ែកម្រ ក្នុងអំឡុងដំណើរទស្សនកិច្ចលោក ត្រាំ

អន្តរជាតិ

សហរដ្ឋអាមេរិក និងជប៉ុន បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធានាលើការផ្គត់ផ្គង់រ៉ែកម្រ និងរ៉ែយុទ្ធសាស្រ្ត ក្នុងអំឡុងដំណើរទេស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ​ ទៅកាន់ប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញគោលដៅនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅទីក្រុងតូក្យូ នៅថ្ងៃទី២៨ នេះ គឺដើម្បីគាំទ្រដល់ប្រទេសទាំងពីរ ក្នុងការបង្កើនការពឹងផ្នែកលើខ្លួនឯង និងធានានូវសន្តិសុខ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែយុទ្ធសាស្រ្ត និងរ៉ែកម្រ។

មិនតែប៉ុណ្ណោះ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ បាននិយាយថា ប្រទេសទាំងពីរមានគម្រោងសម្របសម្រួលដល់ការប្រើប្រាស់ឧបករណ៍គោលនយោបាយសេដ្ឋកិច្ច និងវិនិយោគ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សារចម្រុះ សម្រាប់រ៉ែយុទ្ធសាស្ត្រ និងរ៉ែកម្រ។

ជម្រាបជូនថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ត្រាំ ទៅកាន់ប្រទេសជប៉ុន ហើយវាត្រូវបានកើតឡើងក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនការចូលប្រើប្រាស់រ៉ែសំខាន់ៗ បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរ៉ែដ៏កម្ររបស់ខ្លួន៕​