យោងតាមលោកស្រី Robyn Denholm ប្រធានក្រុមប្រឹក្សាភិបាលរបស់ Tesla បានព្រមានថា មហាសេដ្ឋី Elon Musk អាចនឹងដើរចេញពីក្រុមហ៊ុន ប្រសិនបើកញ្ចប់ប្រាកឈ្នួល ១ទ្រីលានដុល្លារ ដែលត្រូវផ្តល់ជូនដល់នាយកប្រតិបត្តិរូបនេះ ត្រូវបានបដិសេធនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ជុំវិញការព្រមាននេះ ត្រូវបានធ្វើឡើង នៅមុនកិច្ចប្រជុំប្រចាំឆ្នាំ ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ខណៈពេលដែលក្រុមប្រឹក្សាភិបាលរបស់ Tesla បានប្រឈមមុខទៅនឹងការរិះគន់ម្តងហើយម្តងទៀត ពីម្ចាស់ភាគហ៊ុន និងអ្នកជំនាញអភិបាលកិច្ច ចំពោះឯករាជ្យភាពរបស់ខ្លួន ចំពោះការត្រួតពិនិត្យឥទ្ធិពលរបស់លោក Musk។
គួរឲ្យដឹងផងដែរថា បើតាមលខិតព្រមានដែលលោកស្រី Denholm បានដាក់ទៅនោះ គឺត្រូវបានធ្វើឡើង ដោយផ្អែកលើការអនុវត្តដែលបានស្នើឡើង ដើម្បីរក្សា និងលើកទឹកចិត្តលោក Musk ឱ្យបន្តដឹកនាំក្រុមហ៊ុន Tesla យ៉ាងហោចណាស់ប្រាំពីរឆ្នាំកន្លះទៀត។
លោកស្រី Denholm បាននិយាយទៀតថា ភាពជាអ្នកដឹកនាំរបស់លោក Musk គឺមានសារៈសំខាន់ណាស់ ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន Tesla ហើយបានព្រមានថា បើគ្មានផែនការដែលលើកទឹកចិត្តលោកឱ្យបានត្រឹមត្រូវទេ នោះក្រុមហ៊ុនអាចនឹងបាត់បង់ពេលវេលា ទេពកោសល្យ និងចក្ខុវិស័យរបស់លោក Musk មិនខាន។ លោកស្រីសង្កត់ធ្ងន់ទៀតថា តួនាទីរបស់លោក Musk គឺមានសារៈសំខាន់ណាស់ ខណៈដែលក្រុមហ៊ុន Tesla កំពុងស្វែងរកការក្លាយជាអ្នកដឹកនាំសកលលោកក្នុងវិស័យបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាស្វ័យប្រវត្តិ។
ជម្រាបជូនថា កញ្ចប់ដែលបានស្នើឡើងនេះនឹងផ្តល់ឱ្យលោក Musk នូវជម្រើសភាគហ៊ុនចំនួន ១២ ដំណាក់កាល ដែលភ្ជាប់ទៅនឹងគោលដៅដ៏មានមហិច្ឆតា រួមទាំងការធ្វើឲ្យក្រុមហ៊ុនកើនឡើងតម្លៃមូលធនទីផ្សារ ៨,៥ទ្រីលានដុល្លារ និងគោលដៅធំៗផ្សេងទៀត ដូចជាការបើកបរស្វ័យប្រវត្តិ និងមនុស្ស ផងដែរ៕

