រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងទទួលបានថ្លៃសេវាប្រហែល ១០ពាន់លានដុល្លារសម្រាប់តួនាទីក្នុងនាមជាអ្នកសម្របសម្រួល នៅក្នុងកិច្ចព្រមព្រៀងទិញ-លក់ TikTok នៅសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ។

យោងតាមការចុះផ្សាយពីកាសែត Wall Street Journal បានបង្ហាញឲ្យដឹងថា រដ្ឋបាលលោក ត្រាំ គ្រោងនឹងទទួលបានថ្លៃសេវាអន្តរការីប្រហែល ១០ពាន់លានដុល្លារពីវិនិយោគិន នៅក្នុងកិច្ចព្រមព្រៀងដើម្បីទទួលបានការគ្រប់គ្រងប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចិន ByteDance។
ចំនួនទឹកប្រាក់ដ៏ច្រើននេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យវិនិយោគិនដែលជាដៃគូដ៏ជិតស្និទ្ធជាមួយរដ្ឋាភិបាលអាមេរិក នៅក្នុងការទទួលយកប្រតិបត្តិការគ្រប់គ្រងកម្មវិធី TikTok ពេញលេញ នៅអាមេរិក ពីក្រុមហ៊ុន ByteDance ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនោះមិនរាប់បញ្ចូលទៅលើដើមទុនវិនិយោគ ដើម្បីបង្កើតអង្គភាពថ្មីដើម្បីដំណើរការកម្មវិធីនេះ នៅសហរដ្ឋអាមេរិកនោះទេ។
គួឲ្យដឹងថា ក្រុមវិនិយោគិន រួមទាំងក្រុមហ៊ុន Oracle, Silver Lake, មូលនិធិវិនិយោគ MGX របស់ប្រទេសអារ៉ាប៊ីសាអូឌីត និងដៃគូផ្សេងទៀត បានបង់ប្រាក់ប្រហែល ២,៥ពាន់លានដុល្លារទៅឲ្យក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលបញ្ចប់កិច្ចព្រមព្រៀងភ្លាមៗ ហើយពួកគេនឹងបន្តធ្វើការទូទាត់បន្ថែមទៀត រហូតដល់ចំនួនសរុប ១០ពាន់លានដុល្លារ។
មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីបានអះអាងថា ទឹកប្រាក់ ១០ពាន់លានដុល្លារនេះ គឺជាចំនួនទឹកប្រាក់សមហេតុផល ដោយលើកឡើងពីតួនាទីរបស់លោក ត្រាំ ក្នុងការជួយសង្គ្រោះប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ក៏ដូចជាការដឹកនាំការចរចាជាមួយប្រទេសចិន និងការដោះស្រាយកង្វល់របស់សភាអំពីសន្តិសុខជាតិ ផងដែរ៕

