សហគមន៍កសិកម្មទំនើប២ នៅខេត្តបាត់ដំបង ចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ៩៥០រៀល ក្នុងមួយគីឡូក្រាម

សង្គម​ និង​សេដ្ឋកិច្ច

សហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តបាត់ដំបង រួមមាន សហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី និងសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ បានចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយកសិករជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករគុណភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម។

លោកបានលើកឡើងថា តម្លៃនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។

ចំណែកកាលនៅថ្ងៃទី៣០ ខែតុលានេះដែរ លោក ឌិត ទីណា ក៏បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងែតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម ដូចគ្នា។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់កសិករដែលមិនទាន់ចូលជាសហគមន៍កសិកម្មទំនើប ពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលទុនកម្ចីការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស។

សូមបញ្ជាក់ដែរថា ក្រសួងកសិកម្មនឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ឌិត ទីណា។