ក្រសួងសេដ្ឋកិច្ច ប្រមូលចំណូលចូលរដ្ឋបានរហូត ៤ពាន់លានដុល្លារ ត្រឹម៨ខែឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ការប្រមូលចំណូលថវិការដ្ឋ សម្រេចបានរហូត ៤ពាន់លានដុល្លារ ស្មើនឹង៧០%នៃច្បាប់ថវិកាជាតិ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល (ប្រមាណ៤ពាន់លានដុល្លារ) ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ បើគិតត្រឹមរយៈពេល៨ខែ នៃឆ្នាំ២០២២នេះ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២២ កាលថ្ងៃទី០៦ ខែកញ្ញាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២, ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល ស្មើនឹង៧០% ធៀបនឹងច្បាប់ ខណៈដែលចំណូល សារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣% នៃចំណូលសរុប។ ដោយឡែក, ចំពោះការអនុវត្តចំណាយថវិកាជាតិសម្រេចបាន ១៥ ២៧១ ប៊ីលានរៀល ស្មើនឹង៥៧% ធៀបនឹងច្បាប់»។

គួរបញ្ជាក់ដែរថា បើតាមក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីត-១៩ មានភាពថមថយ ក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។

ជាមួយគ្នានេះ ការរៀបចំច្បាប់សំខាន់ៗ ដូចជា «សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ថ្មី)» ត្រូវបានរៀបចំ និងដាក់ឆ្លងពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ខណៈដែល «សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ» ត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តផងដែរ៕ អត្ថបទ៖ រង្សី