ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នក្រោយមានករណីលក់«មាសសន្លឹក» ដាក់និមិត្តសញ្ញារបស់ធនាគារជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានចេញបំភ្លឺដោយបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនមានការបោះផ្សាយ«មាសសន្លឹក» ដាក់និមិត្តសញ្ញារបស់ធនាគារជាតិនោះទេ និងអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីបំភ្លឺព័ត៌មាននេះ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។

ជុំវិញរឿងនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។ រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួលខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕