ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានចេញបំភ្លឺដោយបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនមានការបោះផ្សាយ«មាសសន្លឹក» ដាក់និមិត្តសញ្ញារបស់ធនាគារជាតិនោះទេ និងអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។
យោងតាមសេចក្ដីបំភ្លឺព័ត៌មាននេះ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។
ជុំវិញរឿងនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។ រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួលខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕



