សម្ព័ន្ធ Lee Li Holdings Group បានបង្ហាញពីបំណងចង់ស្វែងរកលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពេលដំណើរទស្សនកិច្ចទៅកាន់សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group ក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា របស់ប្រតិភូមកម្ពុជា ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលទី២៩ ខែតុលា ឆ្នាំ ២០២៥។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា គឺសំដៅសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ (Operations Management) និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំ (Large-scale Production Line) របស់សហគ្រាស ដែលដំណើរការដោយបច្ចេកវិទ្យាទំនើប និងស្វ័យប្រវត្តិកម្មខ្ពស់។
លោកថា គណៈប្រតិភូកម្ពុជា ក៏បានធ្វើការឈ្វេងយល់ផងដែរអំពី ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងស្តង់ដារគុណភាពអន្តរជាតិក្នុងការកែច្នៃផលិតផលភេសជ្ជៈ ដែលអាចជាគំរូសម្រាប់លើកកម្ពស់វិស័យកែច្នៃម្ហូបអាហារ និងកសិ-ឧស្សាហកម្មនៅកម្ពុជា។
នាឱកាសនោះ តំណាងក្រុមហ៊ុនសម្ព័ន្ធ Lee Li Holdings Group បានបញ្ជាក់ថា ខ្លួនបាននឹងកំពុងស្វែងរកលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់ផងដែរ។

សូមរម្លឹកថា លោក Lee Q. Shim ដែលជាប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធ Lee Li Holdings Group ធ្លាប់បានជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងជំនួបនោះ សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗនៅកម្ពុជាចំនួន៦ ក្នុងនោះរួមមាន៖ ប្រេងនិងឧស្ម័ន, សេវាសុខាភិបាល, មជ្ឈមណ្ឌលទទួលស្គាល់សម្រាប់ការនាំចេញ, ឧស្សាហកម្មកែច្នៃម្ហូបអាហារ, វិស័យភស្តុភារកម្ម, និងវិស័យយានយន្ត៕អត្ថបទ៖ហ្សាលីន



