អនុរដ្ឋមន្ត្រីផ្នែកកសិកម្ម និងជាភ្នាក់ងារទូទៅរបស់ខេត្តអុនតារីយ៉ូ សម្រាប់អាស៊ាន បានឱ្យដឹងថា កាណាដា បានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការកែច្នៃលទ្ធផលកសិកម្មនៅកម្ពុជា។

នេះបើតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Khawar Nasim នាយកប្រតិបត្តិនៃស្ថាប័ន Invest Ontario ទទួលបន្ទុកទាក់ទាញការវិនិយោគមកកាន់ខេត្តអុនតារីយ៉ូ និងលោក Bernie Derible ជំនួយការអនុរដ្ឋមន្ត្រីផ្នែកកសិកម្ម អ្នកប្រឹក្សាយោបល់ពិសេស និងជាភ្នាក់ងារទូទៅរបស់ខេត្តអុនតារីយ៉ូ សម្រាប់អាស៊ាន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សានេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងកសិកម្មរវាងកម្ពុជា និងខេត្តអុនតារីយ៉ូ ដែលជាខេត្តមានសក្តានុពលសេដ្ឋកិច្ចធំជាងគេនៅកាណាដា។
នាឱកាសនោះ ចំពោះផ្នែកវិនិយោគ និងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានជម្រាបពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់បរិយាកាសធុរកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ លោក បានលើកទឹកចិត្តស្ថាប័ន Invest Ontario ឱ្យជំរុញអ្នកវិនិយោគកាណាដាមកស្វែងយល់បន្ថែមអំពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ក្នុងវិស័យកសិ-ឧស្សហកម្ម, ឧស្សហកម្មកែច្នៃចំណីអាហារ ,ឧស្សាហកម្មបច្ចេកវិទ្យា, ឧស្សាហកម្មយានយន្ត, និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

ជាការឆ្លើយតប លោក Khawar Nasim បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពលរីកចម្រើនរបស់កម្ពុជា និងបានចែករំលែកបទពិសោធន៍របស់ស្ថាប័ន Invest Ontario ក្នុងការផ្តល់ការគាំទ្រដល់ក្រុមហ៊ុនវិនិយោគអន្តរជាតិ។ដោយឡែក ចំពោះផ្នែកកសិកម្ម និងទំនាក់ទំនងនៅក្នុងសហគមន៍ អាស៊ាន (ASEAN) លោក ក៏បានគូសបញ្ជាក់ពីតួនាទីរបស់ខេត្តអុនតារីយ៉ូក្នុងការលើកកម្ពស់ស្តង់ដារកសិកម្ម និងសុវត្ថិភាពចំណីអាហារ និងបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការកែច្នៃលទ្ធផលកសិកម្ម ព្រមទាំងការសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារកាណាដា/អាស៊ាន ផងដែរ។
សូមជម្រាបថា តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ គឺបានប្រព្រឹត្តទៅដោយជោគជ័យ និងបានបង្កើតជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងខេត្តអុនតារីយ៉ូ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តការទំនាក់ទំនង និងសម្របសម្រួល ដើម្បីប្រែក្លាយឱកាសសក្តានុពលទៅជាគម្រោងវិនិយោគជាក់ស្តែងនាពេលអនាគតថែមទៀត៕ អត្ថបទ៖ហ្សាលីន


