ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលសាលា CIA First International School និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ជួបពិភាក្សាការងារជាមួយ លោកស្រីសាស្ត្រាចារ្យ Zheng Ying ព្រឹទ្ធបុរស នៃមហាវិទ្យាល័យអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យ Zhongnan University of Economics and Law និងសហការី នៅក្រុងវ៉ូហាន់ ខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួបនេះ ឧកញ៉ាបណ្ឌិត ត្រាំង លី បានលើកឡើងពីសក្តានុពលនិស្សិតកម្ពុជា ក្នុងការចាប់យកឱកាសអាហារូបករណ៍បន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងផ្នែកអប់រំ ដោយបានស្នើថ្នាក់ដឹកនាំសាកលវិទ្យាល័យ ពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា តាមរយៈ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ដើម្បីបង្កើនឱកាសសិក្សា និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
សូមជម្រាបថា ក្រុមការងារគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បាននិងកំពុងធ្វើដំណើរចេញទៅបំពេញបេសកកម្មទៅកាន់សាធារណរដ្ឋប្រជាមានិតចិន តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ បេសកកម្មទៅកាន់សាធារណរដ្ឋប្រជាមានិតចិន របស់សមាគម អ.ម.ត ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាពអាហារូបករណ៍ អ.ម.ត ជូននិស្សិតខ្មែរ ជាមួយស្ថាប័ន និងគ្រឹះស្ថានសិក្សា នៃសាធារណរដ្ឋប្រជាមានិតចិន៕








