ឧកញ៉ាបណ្ឌិត ត្រាំង លី ស្នើសាកលវិទ្យាល័យ Zhongnan University of Economics and Law ក្នុងខេត្តហ៊ូប៉ី ពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលសាលា CIA First International School និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការ​អាហារូបករណ៍ អ.ម.ត នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ជួបពិភាក្សាការងារ​ជាមួយ លោកស្រីសាស្ត្រាចារ្យ Zheng Ying ព្រឹទ្ធបុរស នៃមហាវិទ្យាល័យអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យ Zhongnan University of Economics and Law និងសហការី នៅក្រុងវ៉ូហាន់ ខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជា​មានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនេះ ឧកញ៉ាបណ្ឌិត ត្រាំង លី បានលើកឡើងពីសក្តានុពលនិស្សិតកម្ពុជា ក្នុងការចាប់យក​ឱកាសអាហារូបករណ៍បន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការ​ពង្រឹងទំនាក់ទំនងផ្នែកអប់រំ ដោយបានស្នើថ្នាក់ដឹកនាំសាកលវិទ្យាល័យ ពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍​សម្រាប់និស្សិតកម្ពុជា តាមរយៈ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ដើម្បីបង្កើនឱកាសសិក្សា និងលើក​កម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

សូមជម្រាបថា ក្រុមការងារគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បាននិងកំពុង​​​ធ្វើដំណើរចេញទៅ​បំពេញ​បេសកកម្ម​ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ បេសកកម្មទៅ​កាន់​សាធារណរដ្ឋប្រជាមានិតចិន របស់សមាគម អ.ម.ត ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាពអាហារូបករណ៍ អ.ម.ត ជូននិស្សិតខ្មែរ ជាមួយស្ថាប័ន និងគ្រឹះស្ថានសិក្សា នៃសាធារណរដ្ឋប្រជាមានិតចិន៕