លោកអ្នកឧកញ៉ា ពុង ឃាវសែ ចូលរួមពិធីចុះ MoU រវាងក្រុមហ៊ុន CAIC និងអង្គការក្រៅរដ្ឋាភិបាលហុងកុង GX Foundation គាំទ្រកិច្ចការពារសុខភាពប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺឆ្លងបង្កដោយវ៉ិចទ័រផ្សេងៗ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន CAIC ជាមួយ អង្គការក្រៅរដ្ឋាភិបាលហុងកុង ជី អិច ហ្វោនដេសិន (GX Foundation ) ដែលជាមូល​និធិ​មានមូលដ្ឋាននៅ ហុងកុង ដើម្បីគាំទ្រកិច្ចការពារសុខភាពប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺឆ្លងបង្កដោយ​វ៉ិចទ័រ​ផ្សេងៗទៀតនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពជាដៃគូលើគម្រោងនេះធ្វើឡើង ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ពុង ឃាវសែ​ ជាមួយនឹងលោក Leung Chun Ying ប្រធានក្រុមប្រឹក្សាភិបាល ជី អិច ហ្វោនដេសិន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ ភាពជាដៃគូនេះ​គាំទ្រដល់ការយល់ដឹងអំពី សុខភាព សាធារណៈ និងកិច្ចខិតខំប្រឹងប្រែងបង្ការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារថ្មី របស់កម្ពុជា។

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន OCIC និង CAIC មានប្រសាសន៍ថា៖ «ការថែទាំ​អ្នកដំណើរគឺជាអាទិភាពសំខាន់មួយរបស់យើង ហើយភាពជាដៃគូជាមួយមូលនិធិ GX Foundation ជួយពង្រឹងចំណុចសំខាន់មួយនេះ»។

សូមជម្រាបថា ក្រោមអនុស្សរណៈយោគយល់គ្នានេះ មូលនិធិ GX Foundation នឹងផ្តល់មុង ក្រដាសអន្ទាក់រុយ និងសម្ភារៈផ្សព្វផ្សាយសុខភាពដូចជា ខិត្តប័ណ្ណ ផ្ទាំងរូបភាព និងផ្ទាំងប៉ាណូ ដើម្បីបង្កើនការយល់ដឹងដល់​អ្នកដំណើរ និងបុគ្គលិកអាកាសយានដ្ឋានអន្តរជាតិតេជោ អំពីការបង្ការជំងឺគ្រុនឈាម។ គម្រោងនេះនឹងត្រូវ​អនុវត្តជាដំណាក់កាល ដោយចាប់ផ្តើមពីអាកាសយានដ្ឋាន និងកន្លែងចតរថយន្ត ដែលការបង្ហាញការយល់ដឹង និងសម្ភារៈនឹងត្រូវបានសម្របសម្រួលរួមគ្នារវាង GX Foundation និង CAIC៕