លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីកំណែទម្រង់ច្បាប់វិនិយោគថ្មីកម្ពុជា ការផ្តល់កញ្ចប់លើកទឹកចិត្តដល់វិនិយោគិនកាណាដា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួម សិក្ខាសាលាធុរកិច្ចកាណាដា រៀបចំនៅក្នុងទីស្នាក់ការកណ្តាល ធនាគារជាតិនៃកាណាដា (National Bank of Canada – NBC) ស្ថិតក្នុងទីក្រុងម៉ុងត្រេអាល់ ខេត្តគេប៊ិច ប្រទេសកាណាដា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបង្កើនរំហូរវិនិយោគពីប្រទេសកាណាដា មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន/សហគ្រាសកាណាដាយ៉ាងច្រើនកុះករ ដែលជាសមាជិកដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥ (2025 Team Canada Trade Mission – TCTM) បានប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្រៅពីនេះ ក៏មានវត្តមានចូលរួមពីសំណាក់ក្រុមហ៊ុនកាណាដាផ្សេងទៀត ដែលកំពុងបង្ហាញការចាប់អារម្មណ៍ខ្ពស់លើទីផ្សារអាស៊ាន ជាពិសេសកម្ពុជា។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងបទបង្ហាញយ៉ាងក្បោះក្បាយ ដោយគូសបញ្ជាក់អំពីកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវកញ្ចប់លើកទឹកចិត្តជាអតិបរមា មានភាពងាយស្រួល តម្លាភាព និងទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេស ព្រមទាំងរំលេចអំពី សក្តានុពលទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលជាចំនុចតភ្ជាប់នៃអាស៊ាន និងការរីកចម្រើននៃវិស័យសំខាន់ៗដូចជា កសិ-ឧស្សាហកម្ម ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យា សមស្របតាមចំណាប់អារម្មណ៍របស់ TCTM។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ក្រុមហ៊ុនកាណាដា ឱ្យអាចអនុវត្តគម្រោងវិនិយោគរបស់ខ្លួនប្រកបដោយជោគជ័យ ដែលឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការលើកកម្ពស់ភាពជាដៃគូ កម្ពុជា-កាណាដា ផងដែរ។

គូសបញ្ជាក់ថា សិក្ខាសាលានេះបានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយលទ្ធផលជាផ្លែផ្កា និងបានដើរតួជាវេទិកាមួយសម្រាប់ក្រុមហ៊ុនកាណាដា ដែលបានស្វែងយល់ពីកម្ពុជារួចហើយ អាចធ្វើការសម្រេចចិត្តវិនិយោគជាក់ស្តែង និងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់កម្ពុជាជាមូលដ្ឋានផលិតកម្ម និងនាំចេញ៕