សេដ្ឋកិច្ចអាមេរិក អាចនឹងខាតបង់ ១៤ពាន់លានដុល្លារ ដោយសារការបិទរដ្ឋាភិបាល

អន្តរជាតិ

យោងតាមការិយាល័យថវិកាសភាសហរដ្ឋអាមេរិក (CBO) បានប៉ាន់ប្រមាណថាការបិទរដ្ឋាភិបាល អាចនឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិក ខាតបង់ចន្លោះពី ៧ ទៅ ១៤ពាន់លានដុល្លារ ឬស្មើនឹងជិត ២% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទីបួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Phillip Swagel នាយក CBO បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានគណៈកម្មាធិការថវិកាសភា លោក Jodey Arrington កាលពីចុងសប្តាហ៍មុនថា ៖”ខណៈពេលដែលការខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដភាគច្រើននឹងត្រូវបានទូទាត់សងតាមពេលវេលា CBO អាចប៉ាន់ប្រមាណថា ទឹកប្រាក់ចន្លោះពី ៧ពាន់លានដុល្លារ ទៅ ១៤ពាន់លានដុល្លារនឹងត្រូវបាត់បង់ជាអចិន្ត្រៃយ៍”។

មិនតែប៉ុណ្ណោះ CBO បានពន្យល់ថាសេដ្ឋកិច្ចទទួលរងការខាតបង់ច្រើនបែបនេះ ដោយសារតែការចំណាយរបស់សហព័ន្ធ រួមទាំងប្រាក់ឈ្នួលសម្រាប់បុគ្គលិករដ្ឋាភិបាល ការចំណាយលើទំនិញ និងសេវាកម្មជាច្រើន ដ៏ដូចជាជំនួយស្បៀងអាហារសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប នៅទ្រឹង។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានបិទទ្វារចាប់តាំងពីថ្ងៃទី១ ខែតុលា ហើយមិនទាន់មានសញ្ញាណាមួយនៃការបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះទេ។ មូលហេតុគឺថា គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋមិនទាន់អាចឯកភាពគ្នាលើសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាលនៅឡើយ៕​