ទ្រព្យសម្បត្តិសរបស់ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានធ្លាក់ចុះអស់ប្រមាណ ២៩,២ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនមេ Meta ថយចុះយ៉ាងខ្លាំង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ជុំវិញការធ្លាក់ចុះដ៏ច្រើននេះ បានធ្វើឲ្យលោក Mark ធ្លាក់មកកាន់ចំណាត់ថ្នាក់លេ៥ ក្នុងបញ្ជីឈ្មោះអ្នកមានដាច់គេរបស់ពិភពលោក ដោយតាមពីក្រោយលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon និងលោក Larry Page មេធំរបស់ក្រុមហ៊ុន Alphabet ។
គួរឲ្យដឹងផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះអស់ ១២,៣% មកនៅត្រឹមតែប្រហែល ៦៥៨,៥ដុល្លារ ក្នុងមួយហ៊ុន បន្ទាប់ពីទីផ្សារបានបើកការជួញចុងក្រោយ កាលពីអំឡុងសប្តាហ៍មុន ដែលជាការធ្លាក់ចុះធំបំផុត គិតចាប់តាំងពីខែតុលា ឆ្នាំ២០២២ មក។
មិនតែប៉ុណ្ណោះ ភាគហ៊ុនរបស់ Meta ក៏បានបន្តធ្លាក់ចុះ ១១% បន្ថែមទៀត នៅពេលដែលទីផ្សារភាគហ៊ុនបិទបញ្ចប់ការជួញដូរ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Mark ថយចុះយ៉ាងច្រើន។
ជម្រាបជូនផងដែរថា ការធ្លាក់ចុះនេះ គឺចាការខាតបង់ទ្រព្យសម្បត្តិដ៏ច្រើនបំផុតមួយ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយឥឡូវនេះ Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសរុបរបស់លោក Mark មានចំនួនប្រហែល ២២២ពាន់លានដុល្លារ ប៉ុណ្ណោះ៕

