អ្នកជំនាញថៃ បង្ហាញក្តីបារម្ភថាការបិទច្រកព្រំដែន អាចប៉ះពាល់ដល់អាជីវកម្មថៃ​ ក្នុងរយ:ពេលវែង

អន្តរជាតិ

អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការអន្តរជាតិ លោក Panitan Wattanayagorn បានបង្ហាញក្តីព្រួយបារម្ភថា ការបិទច្រកព្រំដែនព្រមៗគ្នារបស់ប្រទេសថៃ អាចប៉ះពាល់ដល់ពលករ ននិងសហគ្រិនរបស់កម្ពុជា ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ ប៉ុន្តែសម្រាប់អាជីវកម្មរបស់ថៃវិញ អាចនឹងបន្តផលប៉ះពាល់ក្នុងរយ:ពេលវែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thai PBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Panitan បាននិយាយបន្ថែមទៀតថា ៖” ក្នុងរយៈពេលវែង ការបិទច្រកព្រំដែនទំនងជានឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំង លើអាជីវកម្មរបស់ប្រទេសថៃ។ ហេតុផលចម្បងមួយគឺថា នៅច្រកព្រំដែនមួយចំនួន ទំហំពាណិជ្ជកម្មប្រចាំឆ្នាំ អាចឈានដល់ ៣០០ពាន់លានបាត ឯណោះ”។

ជុំវិញការលើកឡើងរបស់អ្នកជំនាញថៃបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី យោធាថៃ សម្រេចចិត្តបិទដោយឯកតោភាគីទៅលើច្រកព្រំដែនទាំង ១៦ ដែលរួមគ្នាជចាមួយកម្ពុជា ដោយលើកឡើងពីការគំរាមកំហែងដល់អធិបតេយ្យភាពជាតិ ដែលបង្កឡើងដោយកងទ័ពកម្ពុជា និងការកើនឡើងនៃឧក្រិដ្ឋកម្មឆ្លងព្រំដែន រួមទាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។

គួរឲ្យដឹងផងដែរថា នេះជាវិធានការចុងក្រោយបង្អស់មួយ ដែលត្រូវធ្វើឡើងដោយប្រទេសថៃ ចំពេលដែលទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា កំពុងតែមានភាពតានតឹងស្រាប់។

ទន្ទឹមនឹងនេះ លោក Panitan បានបន្ថែមទៀតថា ប្រទេសថៃគួរតែត្រៀមខ្លួន សម្រាប់វិធានការឆ្លើយតបវិញរបស់កម្ពុជា ជុំវិញការបិទច្រកព្រំដែនដោយឯកតោភាគីនេះ ដែលវាអាចនឹងសាកល្បងភាពអត់ធ្មត់របស់ប្រទេសថៃ ថាអាចស៊ូទ្រាំបានយូរប៉ុណ្ណា។​

ក្រៅពីនោះ លោក Panitan បានសង្កេតឃើញទៀតថា ប្រទេសកម្ពុជា ហាក់បីដូចជាកំពុងធ្វើសកម្មភាពឆ្លើយតបផ្សេងៗ ដោយមានការឯកភាពគ្នាកាន់តែខ្លាំង ខណៈពេលដែលនៅក្នុងប្រទេសថៃវិញ ការបែកបាក់គ្នានៅតែបន្តកើតមានជាមួយនឹងគណបក្សប្រឆាំង និងផ្នែកខ្លះនៃវិស័យឯកជន៕