យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាមាសពិភពលោកដែលដកស្រង់ដោយសមាជិកសភាវៀតណាមម្នាក់ បានបង្ហាញឲ្យដឹងថា វៀតណាមនាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់មាសច្រើនបំផុត រហូតដល់ចំនួន ៥៥ តោន ក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Thach Phuoc Binh សមាជិកសភាមកពីខេត្ត Vinh Long បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីពេលថ្មីៗនេះថា ការប្រើប្រាស់មាសសរុបរបស់ប្រទេសវៀតណាម កាលពីឆ្នាំមុន កើនឡើងដល់ ៥៥ តោន ពោលគឺបានលើសប្រទេសថៃ ដែលប្រើប្រាស់ ៤៨,៨ តោន និងឥណ្ឌូណេស៊ី ប្រើប្រាស់ ៤៧,៣ តោន។
យោងតាមក្រុមប្រឹក្សាមាសពិភពលោក បានឲ្យដឹងទៀតថា វាជាឆ្នាំទីបីជាប់ៗគ្នាហើយ ដែលអ្នកប្រើប្រាស់វៀតណាម បានទិញលើសពី ៥៥ តោន។ តួលេខនេះរួមមានគ្រឿងអលង្ការ ដុំមាស និងកាក់មាស ជាដើម។
គួរឲ្យដឹងផងដែរថា តម្លៃមាសក្នុងស្រុកបានបង្កើតកំណត់ត្រាថ្មីម្តងហើយម្តងទៀតនៅឆ្នាំនេះ ដែលជំរុញពលរដ្ឋជាច្រើនតម្រង់ជួរអស់ជាច្រើនម៉ោងដើម្បីទិញលោហៈដ៏មានតម្លៃនេះទុក ចំពេលមានការផ្គត់ផ្គង់ទាប។
ជម្រាបជុនថា មាសដុំជួញត្រូវបានដូរក្នុងតម្លៃ ១៤៨,៩ លានដុង/tae នៅក្នុងការដាក់ឲ្យជួញដូរចុងក្រោយ ដែលជាការកើនឡើងតម្លៃ ៧៧% គិតចាប់តាំងពីដើមឆ្នាំនេះមក៕

