ការនាំចេញអង្ករថៃទៅកាន់តំបន់មជ្ឈិមបូព៌ាត្រូវបាន ជាប់គាំង ដោយសារតែជម្លោះរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យការដឹកជញ្ជូន ទៅកាន់ តំបន់ដែលជាទីផ្សារ គ្រាប់ធញ្ញជាតិដ៏ធំរបស់ថៃមួយនេះរងការរំខាន។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Bloomberg នៅ ថ្ងៃទី១៣ មីនា។

អ្នកជំនាញយល់ឃើញថា ការជាប់គាំងនេះនឹងធ្វើឱ្យកសិករថៃកាន់តែតានតឹងជាមួយនឹងការកើនឡើងថ្លៃដើម និងការថយចុះនៃតម្រូវការនៅបរទេស ចំពេលដែលតម្លៃ និងតម្រូវការ ស្រូវអង្ករអន្តរជាតិ ខ្សោយរួចស្រាប់ទៅហើយ
ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ លោក Chookiat Ophaswongse បាននិយាយ ក្នុង បទសម្ភាសន៍មួយថា កប៉ាល់ ២ គ្រឿងដែលដឹកអង្ករសរុបចំនួន ៨០ ០០០ តោន ទៅ អ៊ីរ៉ាក់ ត្រូវ ជាប់គាំងនៅត្រឹមកំពង់ផែមួយក្នុងទីក្រុងបាងកក នៅ សប្តាហ៍នេះ ដោយអ្នកទិញបានណែនាំឱ្យ ទម្លាក់ កុងតឺន័រចេញ ហើយ ដឹកអង្ករទៅឃ្លាំងវិញ។

លោក Chookiat បានលើកឡើងថា «អ្វីៗគឺជាប់គាំង » ដោយបន្ថែមថា ការដឹកជញ្ជូនទៅកាន់មជ្ឈិមបូព៌ាអាចត្រូវបានផ្អាករយៈពេលជាច្រើនខែ ហើយ «គ្មានការទិញថ្មីណាមួយ ទេ ព្រោះគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើង បន្ទាប់»។
ស្ថានភាពបច្ចុប្បន្នកំពុងគំរាមកំហែងដល់កសិករថៃ ដែល លំបាករួចទៅហើយ ដោយការធ្លាក់ចុះនៃតម្លៃក្នុងស្រូវស្រុក និងការហក់ឡើងនៃប្រាក់បាត ដែលធ្វើឱ្យអង្ករថៃពិបាកប្រកួតប្រជែងនៅបរទេស ។ សម្ពាធសម្រាប់កសិករ អាចប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ដែលវិស័យកសិកម្ម រួមចំណែកប្រមាណ ១/៤ នៃកម្លាំងពលកម្មរបស់ប្រទេស។

ការនាំចេញអង្កររបស់ថៃ ត្រូវបានគេព្យាករ រួចហើយថានឹងធ្លាក់ចុះ ១១% នៅឆ្នាំនេះ មកនៅត្រឹម ៧ លានតោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ។ ទស្សនវិស័យកាន់តែងងឹតទៅៗ ដោយសារតែ អ៊ីរ៉ាក់ ដែលជាអ្នកទិញអង្ករធំជាងគេរបស់ ថៃ តម្រូវឱ្យថៃដឹកជញ្ជូនអង្ករឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដែលត្រូវបាន បិទដោយសារតែជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់។ ទើបតែក្នុងសប្ដាហ៍នេះទេ ដែល កប៉ាល់ដឹកទំនិញរបស់ថៃមួយគ្រឿង បាន រកការវាយប្រហារពីអ៊ីរ៉ង់ ដោយបង្កការខូចខាត និង បំបាត់ខ្លួននារិកយ៉ាងហោចណាស់ ៣ នាក់
ស្ថានភាពទីផ្សារក្នុងស្រុកសម្រាប់កសិករថៃ ក៏មិនប្រសើរដែរ ដោយសារតែតម្លៃទាប នៅពេលកសិករប្រមូលផលបានច្រើន ហើយការផ្គត់ផ្គង់សកលក៏កើនឡើង។ លោក Kriengsak បាន និយាយយ៉ាងដូច្នេះថា៖ «នៅពេល ការលក់ទាប ឬនៅពេលដែលថ្លៃដើមផលិតកម្មកើនឡើង កសិករ ត្រូវរែកបន្ទុកការចំណាយ»៕

