មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានប្រកាសយ៉ាងច្បាស់ថា លោកនឹងចាកចេញពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអស់រយ:ពេលជាច្រើនខែ ដើម្បីធ្វើកំណែទម្រង់ និងសម្រួលដល់ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធតាមរយ:ទីភ្នាក់ងារ DOGE របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

មហាសេដ្ឋីអាមេរិក លោក Musk បាននិយាយនៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២៨ ខែឧសភាថា៖” នៅពេលដែលតួនាទីរបស់ខ្ញុំ ក្នុងនាមជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាលត្រូវបានបញ្ចប់ ខ្ញុំចង់អរគុណទៅកាន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានផ្តល់ឲ្យខ្ញុំនូវឱកាស ដើម្បីចូលរួមនៅក្នុងការជួយកាត់បន្ថយការខ្ជះខ្ជាយរបស់រដ្ឋាភិបាល”។
បើយោងតាមការចុះផ្សាយពីសារព័ត៌មាម Reuters បានដកស្រង់សម្តីរបស់មន្ត្រីសេតវិមានដែលបានបញ្ជាក់ថា លោក Musk បានចាប់ផ្តើមដកខ្លួនចេញពីជួររដ្ឋាភិបាលអាមេរិក ចាប់តាំងពីថ្ងៃទី២៨ ខែឧសភាមកមក នៅពេលដែលអាណត្តិរយ:ពេល ១៣០ថ្ងៃ ក្នុងនាមជាបុគ្គលិកពិសេសរដ្ឋាភិបាល របស់លោក ត្រូវបានបញ្ចប់។
ទន្ទឹមនឹងនេះ រដ្ឋបាលលោក ត្រាំ ក៏ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថា មហាសេដ្ឋីរូបនេះ នឹងត្រូវវិលត្រលប់ទៅកាន់គ្រប់គ្រងអាជីវកម្មរបស់ខ្លួនវិញ ក្នុងពេលឆាប់ៗនេះ ហើយកិច្ចខិតខំប្រឹងប្រែងរបស់ DOGE ក្នុងការកែទម្រង់ និងសម្រួលដល់ការចំណាយរបស់រដ្ឋាភិបាល នៅតែបន្តដំណើរការទៅមុខទៀត។
ជម្រាបជូនថា យោងតាមការវាយតម្លៃរបស់ Reuters បង្ហាញថា DOGE បានគ្រប់គ្រងទៅលើការកាត់បន្ថយការងារប្រមាណ ១២% ឬស្មើបុគ្គលិករដ្ឋាភិបាលសរុបចំនួន ២៦០ ០០០ នាក់ ស្របពេលអាចជួយសន្សំសំចៃការចំណាយរដ្ឋាភិបាលបានប្រមាណ ១៦០ពាន់លានដុល្លារ៕

