លោកស្រី Nguyen Phuong Nhi ដែលជាអតីតបវរកញ្ញាពិភពលោករបស់វៀតណាមឆ្នាំ២០២២ និងជាកូនប្រសារស្រីរបស់មហាសេដ្ឋីមានដាច់គេបំផុតរបស់វៀតណាម គឺលោក Pham Nhat Vuong ត្រូវបានគេរាយការណ៍ថា ទទួលបានភាគហ៊ុន ១% នៅក្នុងក្រុមហ៊ុន Vin New Horizon ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Vingroup។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

បើតាមក្រុមហ៊ុន Vingroup បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Vin New Horizon ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់ទីក្រុងសម្រាប់ចូលនិវត្តន៍កម្រិតខ្ពស់មួយ ក្នុងទីក្រុងហូជីមិញ បច្ចុប្បន្នមានដើមទុនចុះបញ្ជីចំនួន ១ទ្រីលានដុង (៣៨លានដុល្លារ) ដែលក្នុងនោះក្រុមហ៊ុនមេ Vingroup កាន់កាប់ភាគហ៊ុន ៦៥%។
គួរឲ្យដឹងថា លោកស្រី Pham Thu Huoung ដែលជាភវិយារបស់លោក Vuong គឺជាម្ចាស់ភាគហ៊ុន ៣២% នៃជាប្រធានក្រុមហ៊ុន Vin New Horizon នេះ។ ក្នុងនោះដែរកូនប្រសារថ្មីម្នាក់ទៀតរបស់លោក Vuong គឺលោកស្រី Bui Lan Anh និងកូនស្រីបង្កើតរបស់លោក គឺលោកស្រី Pham Nhat Minh គឺជាម្ចាស់ភាគហ៊ុន ១% ផងដែរ។
ជម្រាបជូនថា ក្រុមហ៊ុន Vingroup កាលពីដើមខែនេះបានបង្កើតក្រុមហ៊ុន Vin New Horizonដែលជាប្រតិបត្តិករមជ្ឈមណ្ឌលសម្រាប់ចូលនិវត្តន៍កម្រិតខ្ពស់នៅក្នុងតំបន់ឆ្នេរសមុទ្រ Can Gio នៃទីក្រុងហូជីមិញ ដែលពីមុនជាស្រុកមួយ មុនពេលការរៀបចំឡើងវិញ៕

