ប្រតិភូកម្ពុជា ដឹកនាំលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងនាំយកវត្ថុអនុស្សាវរីយ៍ជាសំលៀកបំពាក់ប្រពៃណី ច្នៃអំពីសំពត់ហូលខ្មែរជូន លោកស្រី Beth Van Duyne និង លោក Richard McCormick សមាជិកសភាតំណាងរាស្ត្រអាម៉េរិក។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ការនាំយកវត្ថុអនុស្សាវរីយ៍សំលៀកបំពាក់ប្រពៃណី ច្នៃពីសំពត់ហូលខ្មែរក្នុងន័យសម្ដែងនូវមនោសញ្ចេតនាគោរពរាប់អាន ថ្លែងអំណរគុណ និងក្តីនឹករលឹក ខណៈវត្ថុអនុស្សាវរីយ៍នេះតំណាងឱ្យសិល្បៈដ៏ចំណាន និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជាតិកម្ពុជា។
លោកបន្តថា សំពត់ហូលខ្មែរ ត្រូវបានត្បាញដោយដៃយ៉ាងល្អិតល្អន់ចេញពីសរសៃសូត្រសុទ្ធ និងប្រើប្រាស់បច្ចេកទេសជ្រលក់ពណ៌ដោយល័ក្តធម្មជាតិ ១០០% ដែលតម្រូវឱ្យមានភាពអំណត់ និងជំនាញខ្ពស់។ រាល់ក្បាច់ក្បូរក្រឡាគោមលើសំពត់ហូលនេះ បានបង្កប់នូវព្រលឹងអត្តសញ្ញាណជាតិ និងភាពច្នៃប្រឌិតរបស់ប្រជាជនកម្ពុជាតាំងពីបុរាណកាលមក។ ហេតុនេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការជូនវត្ថុអនុស្សាវរីយ៍នេះ គឺជាក្តីសង្ឃឹមក្នុងការចែករំលែកនូវភាពស្រស់សោភា និងភាពរុងរឿងនៃវប្បធម៌ខ្មែរ ក៏ដូចជាការពួនជ្រំចំណងមិត្តភាពឱ្យកាន់តែរឹងមាំជាមួយ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ថែមមួយកម្រិតទៀត។

តាមរយៈជំនួបជាមួយសមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិកខាងលើនេះ ក៏មានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាម៉េរិកសម្រាប់ការវិនិយោគពីអាម៉េរិក លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ ទន្ទឹមគ្នានេះ ប្រតិភូកម្ពុជានិងសមាជិកសភាតំណាងរាស្ត្រ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែម ក្នុងការបន្តពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរថែមទៀត។
គួររម្លឹកដែរថា លោកស្រី Beth Van Duyne ធ្លាប់បានដឹកនាំ គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក(CODEL) មកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងខែសីហាកន្លងទៅ។ កាលនោះ លោកស្រីទទួលបានឱកាសចូលជួបពិភាក្សាជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាបរបស់កម្ពុជា។ ជាមួយគ្នានោះ លោកស្រី និងគណៈប្រតិភូបានចុះបំពេញទស្សនកិច្ចពិនិត្យដោយផ្ទាល់នូវស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានផ្លាស់ទីលំនៅទៅស្នាក់នៅមជ្ឈមណ្ឌលសន្តិសុខ ក្នុងស្រុកគូលែន ខេត្តព្រះវិហារផងដែរ៕អត្ថបទ៖ហ្សាលីន



