កម្ពុជា រកចំណូលបានជាង ៣២១លានដុល្លារពីការនាំចេញកៅស៊ូ ទៅទីផ្សារអន្តរជាតិត្រឹម៩ខែនេះ

សង្គម​និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់តាមរបាយការណ៍ដដែលថា«ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល៩ខែនេះ មានចំនួន៣២០ ៦១៩ ៣៤៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន១ ៣០៥ ៩៨១ដុល្លារ»។

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ដែរថា ក្នុងរយៈពេល៩ខែឆ្នាំនេះដែរ ជ័រកៅស៊ូមានតម្លៃ ១ ៣២៣ដុល្លារ ក្នុង១តោន ថយចុះ១៩៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ គិតជាមធ្យម ក្នុងខែកញ្ញា ឆ្នាំ២០២៣ មានតម្លៃ២១១ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ។

គិតមកដល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។ ដោយឡែក ចំពោះទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា៖ ប្រទេសម៉ាឡេស៊ី វៀតណាម ចិន ឥណ្ឌូណេស៊ី និងសហគមអឺរ៉ុប ជាដើម៕​ អត្ថបទ៖ ពិសី