មជ្ឈមណ្ឌលអាស៊ាន-ចិន ប្តេជ្ញាជំរុញការនាំយកផលិតផលពីកម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

លោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) បានមកជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការនាំយកផលិតផលពីកម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសចិនបន្ថែមទៀត។លោកលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សារជាមួយលោក លីម ឡោក ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលចុងសប្តាហ៍ នាប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចពិភាក្សា លោក Shi Zhongjun បានកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងពាណិជ្ជកម្ម និងស្ថាប័ន ACC ព្រមទាំងបានលើកឡើងអំពីសារៈសំខាន់នៃពិធីសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដែលជាដំណាក់កាលថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសចិន និងអាស៊ាន។

ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីគម្រោងរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងការពង្រីកវិសាលភាពវិស័យពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ាន ការនាំចេញទំនិញសក្តានុពលពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិន ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។

ជាការឆ្លើយតប លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីយន្តការក្នុងការជំរុញការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន ព្រមទាំងបានជំរុញឱ្យមានការចូលរួមរៀបចំកម្មវិធីព្រឹត្តិការណ៍ពាណិជ្ជកម្មរួមគ្នានៅខេត្តសំខាន់មួយចំនួននៅប្រទេសចិន ដើម្បីតាំងបង្ហាញផលិតផលកម្ពុជា និងជំរុញបង្កើតឱកាសដល់ការនាំចេញផលិតផលពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលខាងមុខ។

សូមរម្លឹកដែរថា គិតត្រឹម៨ខែដើមឆ្នាំ ២០២៥ ការ​ដោះដូរ​ទំនិញ​កម្ពុជា​ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង​ ៤២ ពាន់លានដុល្លារ ​កើនឡើង ១៥,៥% ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន ដែល​មានទំហំជិត ៣៦,៥ ពាន់​លានដុល្លារ។​​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​(GDCE) ចេញផ្សាយកាលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ៕ អត្ថបទ៖ហ្សាលីន