កាន់តែងាយស្រួលធ្វើប្លង់ដី! ក្រសួងរៀបចំដែនដី ប្រកាសដាក់ចេញយន្តការផ្តល់​សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី, ពលរដ្ឋអាចសុំសេវានៅទីស្តីការក្រសួងបាន ទោះបីទីតាំងដីនៅតាម​បណ្តាខេត្តផ្សេងៗ

សង្គម​ និង​សេដ្ឋកិច្ច

ឆ្លើយតបទៅនឹងការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា និងដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងធុរជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បានជូនដំណឹងពីការពីរៀបចំយន្តការ ផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងធុរជនដែលមាន តម្រូវការប្រើប្រាស់សេវារហ័សខាងលើ អាចមកដាក់ពាក្យស្នើសុំ នៅច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

តាមប្រភពផ្លូវការដែល Oknha News ទទួលបាន យន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) នេះ រួមមានសេវា៖ ១.ចុះបញ្ជីដីបំពេញបន្ថែម ២.ចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ ៣.ចុះបញ្ជីអំពីការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ និងសិទ្ធិសម្បទានដីសេដ្ឋកិច្ច ៤.ការបំបែកក្បាលដី ៥.ការបង្រួម​ក្បាលដី ៦.ចុះបញ្ជីប្តូរពីបណ្ណភោគៈ មកជាវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ៧.ចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ឬភោគៈ ឬចំណែកកម្មសិទ្ធិអវិភាគ ឬចំណែកភោគៈ ៨.ចុះបញ្ជីអំពីការផ្ទេរសិទ្ធិសម្បទានដីសេដ្ឋកិច្ច ឬសិទ្ធិជួលអចិន្ត្រៃយ៍ និង ៩.ចេញបណ្ណ/វិញ្ញាបនបត្រ ទុតិយតា ឬតតិយតា គ្រប់ប្រភេទ។

សូមជម្រាបថា រាល់សេវាទាំង៩ប្រភេទខាងលើនេះ ធ្វើបាននៅទីតាំងអចលនវត្ថុទាំង ២៥ រាជធានី ខេត្ត ហើយអាច​ធ្វើបាននៅទីស្តីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែម្តង ដែលអាចបន្ថែមជម្រើសសេវា​គាប់ចិត្ត​ដល់​ប្រជាពលរដ្ឋ អាចទទួលសេវានៅខេត្តក៏បាន ឬអាចធ្វើនៅទីស្តីក្រសួងក៏បានដូចគ្នាផងដែរ៕