អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ។ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ក្នុងសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។

សម្តេចធិបតី បន្តថា បច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដែលក្នុងនោះមានភូមិចំនួន១៤ ៥៧៦ ឃុំចំនួន១ ៦៥២ ស្រុកចំនួន១៦៣ ក្រុងចំនួន៣៣ និងខណ្ឌចំនួន១៤ ដែល ជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា។
សម្តេច បញ្ជាក់ថា អត្រាគ្របដណ្ដប់អនាម័យជនបទបាន គឺកើនឡើងពី៩០% នៅឆ្នាំ២០២៤ ដល់៩៥% ក្នុងឆ្នាំ២០២៥នេះ នឹងឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០ ខណៈសម្តេចថា សមិទ្ធផលដែលសម្រេចបាននេះ គឺបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ បានរួមគ្នាខិតខំប្រឹងប្រែងអនុវត្តការងារលើកកម្ពស់អនាម័យជនបទ។

គួរជម្រាបជូនថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទក្នុង គោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ និងរួមគ្នាធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ក្នុងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។
ជាក់ស្ដែង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០៕ អត្ថបទ៖ហ្សាលីន

