អ្នកឧកញ៉ា សួរ វីរៈ ៖ កម្ពុជានឹងសាកល្បងនាំចេញអង្ករ ១០ កុងតឺន័រដំបូង ទៅលក់នៅទីផ្សារសហរដ្ឋអាម៉េរិក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា កម្ពុជានិងសហរដ្ឋអាម៉េរិក បាន​ព្រមព្រៀងគ្នា និងគ្រោងនាំចេញអង្ករកម្ពុជា ចំនួន ១០ កុងតឺន័រ ជាលើកដំបូង ដើម្បីសាកល្បងលក់នៅ​ទីផ្សារ​សហរដ្ឋអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហើបឱ្យដឹងរបស់អ្នកឧកញ៉ា សួរ វីរៈ ខាងលើនេះ គឺបន្ទាប់ពីអ្នកឧកញ៉ា បានអញ្ជើញចូលរួមបេសកកម្មចំនួន ១០ថ្ងៃ អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ក្នុងបេសកកម្ម​ទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា ផ្តោតលើ​វិស័យ​កសិកម្ម និងវិស័យ​ទេសចរណ៍ ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្រាប់ ឧកញ៉ាញូស៍ បែបនេះថា៖ “យើងបានព្យាយាមទៅជួប​ក្រុមហ៊ុនដែលផ្គត់ផ្គង់​អង្ករ និងផលិតផល​ផ្សេងៗ ដែល​លក់​នៅតាមផ្សារទំនើប ផ្សារអាស៊ី នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា។ ពួកគាត់បានយល់ព្រម​ទទួល​ទិញ​យក​រាល់ផលិតផលខ្មែរទាំងអស់ ដែលអាចនាំចេញទៅបាន ដើម្បីចែកចាយ​ទូទាំងសហរដ្ឋអាម៉េរិក និងប្រទេស​កាណាដា ទៅតាមតំបន់ផ្សេងៗ នូវគ្រប់ផលិតផលដូចជា អង្ករ ស្វាយចន្ទី និងផលិតផលសិប្បកម្មផ្សេងៗ​ពាក់ព័ន្ធ​នឹង​ចំណីអាហារ”។

“ក្នុងនោះដែរ យើងបានព្រមព្រៀងគ្នានឹងនាំចេញអង្ករទៅកាន់សហរដ្ឋអាម៉េរិក ចំនួន ១០កុងតឺន័រដំបូង ហើយ​កាណាដា យើងនឹងសាកល្បងនាំចេញទៅ ១ទូកុងតឺន័រដំបូង នៅរដូវកាលថ្មីនេះ។ ដោយឡែក យើងក៏នឹងនាំអង្ករ​ចេញទៅប្រទេសអូស្ត្រាលី​ ចំនួន ៨ទូកុងតឺន័រ ដំបូងផងដែរ”។ អ្នកឧកញ៉ា សួរ វីរៈ បានបន្ថែម។

អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ជាលទ្ធផលវិជ្ជមាននៃបេសកកម្មនេះ យើងទទួលបានការគាំទ្រច្រើនទៅលើផលិតកសិកម្ម និងសិប្បកម្ម។ នេះជាលទ្ធផលផ្លែផ្កាមួយដ៏ល្អ ដោយសារសហរដ្ឋអាម៉េរិក អូស្ត្រាលី និងកាណាដា មានការគាំទ្រ និងព្រមទទួលយកផលិតផលកសិកម្មខ្មែរយើង ប៉ុន្តែជោគជ័យឬយ៉ាងណា គឺអាស្រ័យលើគុណភាពអង្កររបស់យើង និងគុណភាពផលិតផលសិប្បកម្មរបស់យើងផ្សេងៗផងដែរ។

សូមបញ្ជាក់ថា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលបានចូលរួមក្នុងបេសកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសទាំងពីរនេះត្រូវបានដឹកនាំដោយ អ្នកឧកញ៉ា សៀ ឬទ្ធី ដោយរួមមានសមាសភាពដូចជា អ្នកឧកញ៉ា លី សុភាព, អ្នកឧកញ៉ា សួរ វីរៈ, ឧកញ៉ា លីម តារារិទ្ធ និងលោក អ៊ឹង វីរៈ៕