យោងតាមរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការសម្រេចចិត្តលុបចោលនូវការរឹតត្បិតលើការលក់អាវុធរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដោយនឹងប្តូរវាទៅជាយន្តការពិនិត្យឡើងវិញតាមករណីនីមួយៗជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក បង្ហាញឲ្យដឹងឫទៀតថា ចាប់ពីថ្ងៃនេះតទៅ សហរដ្ឋអាមេរិក បានដកឈ្មោះប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេសដែលត្រូវហាមឃាត់នៅក្នុងបទប្បញ្ញត្តិចរាចរណ៍អាវុធអន្តរជាតិ (ITAR) ។
យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយផ្នែកលើការទទួលស្គាល់ ចំពោះកិច្ចខិតខំប្រឹងប្រែងជាប់លាប់របស់ប្រទេសកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងសន្តិសុខ រួមទាំងការបង្កើតឡើងវិញនូវកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ហើយនៅក្រោមយន្តការថ្មីនេះ ការលក់អាវុធរបស់សហរដ្ឋអាមេរិកមកកម្ពុជានឹងត្រូវបានពិនិត្យឡើងវិញតាមករណីនីមួយៗ ដោយផ្អែកលើសំណុំលក្ខណៈវិនិច្ឆ័យដែលពាក់ព័ន្ធនឹងវិស័យយោធានេះ។
ជម្រាបជូនផងដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មអាវុធមកលើប្រទេសកម្ពុជា អំឡុងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន ដោយលើកឡើងពីហានិភ័យចំពោះការកើនឡើងនៃឥទ្ធិពលយោធារបស់ប្រទេសចិន នៅក្នុងទឹកដីរបស់កម្ពុជា៕

