ប្រមុខ EU៖ អឺរ៉ុបបានរងផលប៉ះពាល់រួចហើយពីសង្គ្រាមអ៊ីរ៉ង់

អន្តរជាតិ

ប្រមុខសហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បានលើកឡើងនៅថ្ងៃទី៩ ខែមីនានេះថា ផលវិបាកនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានកើតឡើងរួចហើយ នៅតំបន់អឺរ៉ុប ដោយតម្លៃថាមពលកើនឡើង ហើយសម្ព័ន្ធមិត្តណាតូ (NATO) ត្រូវបានកំណត់គោលដៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សង្គ្រាមអាម៉េរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានបន្តឈានចូលសប្តាហ៍ទី២ហើយ ដោយទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារសងសឹកថ្មីលើបណ្ដារដ្ឋឈូងសមុទ្រ ដែលកំណត់គោលដៅមូលដ្ឋានទ័ពអាម៉េរិក។

នៅមុនពេលមានការជជែកតាមទូរស័ព្ទជាមួយមេដឹកនាំនៅតំបន់មជ្ឈិមបូព៌ា លោកស្រីប្រមុខសហភាពអឺរ៉ុបរូបនេះ បានប្រាប់ឯកអគ្គរដ្ឋទូត EU ថា «ឥឡូវនេះយើងកំពុងឃើញជម្លោះក្នុងតំបន់ ដែលផ្ដល់នូវផលវិបាកដោយមិនបានគិតទុកមុន។ ហើយការរាលដាលនៃផលវិបាក គឺជាការពិតរួចទៅហើយនៅថ្ងៃនេះ»។

ដោយបានលើកឡើងពីយានដ្រូនផលិតដោយអ៊ីរ៉ង់វាយប្រហារមូលដ្ឋានអង់គ្លេសមួយ នៅលើកោះស៊ីបដែលជាសមាជិករបស់ EU ការរំខានពាណិជ្ជកម្ម និងការផ្លាស់ទីលំនៅរបស់ប្រជាជន លោកស្រី von der Leyen ថា «ប្រជាពលរដ្ឋរបស់យើងត្រូវបានជាប់នៅក្នុងជម្លោះនេះ។ ដៃគូរបស់យើងកំពុងត្រូវបានវាយប្រហារ»។

បើទោះបីជាអ៊ីរ៉ង់មិនទាន់បានបិទច្រកសមុទ្រ Hormuz ជាផ្លូវការក៏ដោយ ក៏ការដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់នេះ ស្ទើរតែលែងមានហើយ។ តម្លៃប្រេងឥន្ធនៈនៅអឺរ៉ុប ក៏បានឡើងរហូតដល់ ៣០ភាគរយ នៅថ្ងៃចន្ទផងដែរ ទោះបីជានៅតែទាបជាងកម្រិតខ្ពស់ បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ២០២២ លើប្រទេសអ៊ុយក្រែនក៏ដោយ៕