អាមេរិក គ្រោងហាមឃាត់មិនឲ្យយន្តហោះបើករំលងលើរីស៊ត Mar-a-Lago របស់លោក ត្រាំ ឡើយ

អន្តរជាតិ

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហរដ្ឋអាមេរិក (FAA) កាលពីពេលថ្មីៗនេះ បានស្នើឱ្យមានការរឹតបន្តឹងចំពោះជើងហោះហើរ ក្នុងរង្វង់ជិត ២ គីឡូម៉ែត្រ ជុំវិញភូមិគ្រឹះ Mar-a-Lago របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំបន់ហាមឃាត់ជើងហោះហើរដែលស្នើឡើងដោយ FAA កាលពីថ្ងៃទី១ ខែកញ្ញា នេះ មានរង្វង់ប្រហែល ១,៨ គីឡូម៉ែត្រ និងកម្ពស់ប្រហែល ៦១០ ម៉ែត្រ ជុំវិញភូមិគ្រឹះ Mar-a-Lago ក្នុងទីក្រុង Palm Beach រដ្ឋ Florida។ តំបន់រមណីយដ្ឋាននេះ ស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិ Trump International (ដែលជាឈ្មោះថ្មីរបស់អាកាសយានដ្ឋានអន្តរជាតិ Palm Beach)។

យ៉ាងណាមិញ បើយោងតាម FAA បានបង្ហាញថា ទីភ្នាក់ងារសម្ងាត់អាមេរិក (Secret Service) បានស្នើឱ្យអនុវត្តការរឹតបន្តឹងទាំងនេះ ដោយផ្អែកលើព័ត៌មានការទូត និងការចារកម្មអំពីការគំរាមកំហែងដល់សន្តិសុខប្រធានាធិបតីអាមេរិក។ ពួកគេបានអះអាងថា វិធានការនេះនឹងជួយបង្កើនសមត្ថភាពយ៉ាងខ្លាំង ក្នុងការកាត់បន្ថយហានិភ័យជាប្រចាំ ដែលបង្កឡើងដោយយន្តហោះគ្មានលខិតអនុញ្ញាត និងដ្រូនជាដើម។

គួរឲ្យដឹងថា FAA តែងតែបង្កើតតំបន់ហាមឃាត់សម្រាប់ជើងហោះហើរក្នុងវិសាលភាពធំ រាល់ពេលដែលប្រធានាធិបតី ឬអនុប្រធានាធិបតីធ្វើដំណើរចេញក្រៅរដ្ឋធានី Washington ហើយនឹងបន្តអនុវត្តវិធានការកំហិតក្នុងទំហំទូលំទូលាយជាងនេះ នៅពេលដែលលោក ត្រាំ កំពុងស្នាក់នៅ Mar-a-Lago។

ជម្រាបជូនថា FAA ធ្លាប់បានហាមឃាត់យន្តហោះមិនឱ្យប្រតិបត្តិការនៅតំបន់ជុំវិញទីតាំងស្នាក់នៅចំនួន ៧ របស់ប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក។ ហើយការហាមឃាត់ចុងក្រោយបំផុត គឺនៅក្នុងឆ្នាំ២០០១ នៅទីក្រុង Crawford រដ្ឋ Texas ជាកន្លែងដែលអតីតប្រធានាធិបតី George W. Bush មានកសិដ្ឋានផ្ទាល់ខ្លួននៅទីនោះ៕​