ហ្វីលីពីន ចរចាជាមួយឥណ្ឌា និងវៀតណាម លើការនាំចូលអង្ករ ដើម្បីបំពេញតម្រូវការ

អន្តរជាតិ

ហ្វីលីពីន កំពុងស្ថិតនៅក្នុងការពិភាក្សាចំពោះការនាំចូលអង្ករពីប្រទេសវៀតណាម និងឥណ្ឌា ខណ:ប្រទេសដែនកោះមួយនេះ ព្យាយាមរកដំណោះស្រាយទៅលើបញ្ហាសន្តិសុខស្បៀងអាហាររបស់ខ្លួន ដើម្បីធានាដល់ការផ្គត់ផ្គង់ និងរក្សាតម្លៃ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​អនុរដ្ឋលេខាធិការជាន់ខ្ពស់ក្រសួងកសិកម្មហ្វីលីពីន លោក Domingo Panganiban បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្ននេះ ក្រសួងកំពុងពិភាក្សាជាមួយប្រទេសផលិតអង្ករកំពូលរបស់ពិភពលោក ដូចជា ឥណ្ឌា និងវៀតណាម។ ហើយលោក បានអះអាងទៀតថា តម្លៃអង្ករដែលហ្វីលីពីន ទទួលបានពីវៀតណាម ហាក់ទាបជាងតម្លៃពីប្រភពផ្សេងទៀត ប្រមាណ ៤០ដុល្លារ ក្នុងមួយតោន ។

តាមរយ:តម្លៃនេះ លោក Domingo បានបង្ហាញក្តីសង្ឃឹមថា នឹងអាចត្រួសត្រាយផ្លូវសម្រាប់ហ្វីលីពីន ដើម្បីទទួលបានលក្ខខណ្ឌដ៏ល្អប្រសើរ សម្រាប់នាំចូលអង្ករបន្ថែម ពី ៣០០ ០០០ តោន ទៅ ៥០០ ០០០ តោន នៅឆ្នាំនេះ ។

ចំពោះការទិញចូលបន្ថែមនេះ អាចនឹងជួយបន្ទាបតម្លៃអង្ករក្នុងស្រុក សម្រាប់ហ្វីលីពីន ចំពេលកំពុងមានអស្ថិរភាពនៃតម្លៃស្បៀងអាហារនៅលើពិភពលោក ដែលបណ្តាលមកពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏ដូជាបាតុភូតគ្រោះ​រាំង​ស្ងួត​ El Nino ផងដែរ។

ជម្រាបជូនផងដែរថា ហ្វីលីពីន ក៏ជាប្រទេសផលិតអង្ករដ៏ធំបំផុតមួយរបស់ពិភពលោកដែរ ប៉ុន្តែនៅតែមិនអាចបំពេញតម្រូវការគ្រប់គ្រាន់ ហើយត្រូវបន្តទិញពីអ្នកផ្គត់ផ្គង់ធំៗផ្សេងទៀត ដូចជាថៃ​ និងវៀតណាម ដោយសារតែការផលិតស្រូវអង្ករ តែងតែរំខានដោយសារតែព្យុះញឹកញាប់។ ហើយបើតាមការប៉ាន់ប្រមាណទុក ការនាំចូលអង្ករនៅឆ្នាំនេះ ទំនងជាអាចឈានដល់ប្រហែល ២,៥ លានតោន ៕