លោក Steve Huffman សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Reddit ដែលជាវេទិកាពិភាក្សាតាមអ៊ីនធឺណិត បានក្លាយជាមហាសេដ្ឋី ជាមួយទ្រព្យសម្បត្តិ ១,២ពាន់លានដុល្លារ ក្រោយបង្កើតក្រុមហ៊ុនអស់ ២០ឆ្នាំ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Fortune បានបង្ហាញឲ្យដឹងថា ការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោក Huffman នេះ បានកើតឡើងបន្ទាប់ពីភាគហ៊ុនក្រុមហ៊ុន Reddit កើនឡើង ៧២% ដែលជំរុញដោយដំណើរការយ៉ាងរឹងមាំរបស់ក្រុមហ៊ុន។
គួរឲ្យដឹងថា កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន Reddit បានប្រកាសថាប្រាក់ចំណូលសុទ្ធរបស់ខ្លួនបានកើនឡើងរហូតដល់ ១៦៣លានដុល្លារ ដែលជាត្រីមាសទី៣ជាប់ៗគ្នាហើយ ដែលក្រុមហ៊ុនអាចរកបានប្រាក់ចំណេញច្រើនបែបនេះ។
យ៉ាងណាមិញ លោក Huffman ក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេម្នាក់របស់ក្រុមហ៊ុន ដែលកាន់កាប់សរុបចំនួន ៣,១ លានហ៊ុននោះ បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីការកើនឡើងនៃតម្លៃភាគហ៊ុននេះ។
ជម្រាបជូនថា លោក Huffman បានបើកដំណើរការ Reddit ដំបូងនៅក្នុងឆ្នាំ២០០៥ ក្នុងនាមជានិស្សិតឆ្នាំចុងក្រោយ នៅសាកលវិទ្យាល័យ Virginia សហរដ្ឋអាមេរិក ជាមួយមិត្តរួមថ្នាក់របស់ខ្លួនម្នាក់ទៀត គឺលោក Alexis Ohanian ៕

