លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាប្រធានគណៈកម្មការរដ្ឋបាល ហិរញ្ញវត្ថុ និងធនាគារ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

នេះជាការរំលឹកនឹកដល់ព្រះរាជគុណូបការៈ និងព្រះមហាវីរភាពដ៏ធំធេងរបស់ព្រះករុណាព្រះបរមរតនកោដ្ឋដែលបានបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល ព្រះបញ្ញាញាណក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំងជូនជាតិមាតុភូមិជាទីស្រលាញ់របស់ព្រះអង្គ។
ទូលបង្គំនិងខ្ញុំម្ចាស់ទាំងអស់គ្នា សូមក្រាបបង្គំថ្វាយព្រះរាជកុសល និងសូមថ្វាយព្រះរាជកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសូមចងចាំជានិច្ចនូវគុណូបការៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលព្រះអង្គបានបន្សល់ទុកសម្រាប់ប្រជាជាតិខ្មែរជាទីស្រលាញ់របស់ព្រះអង្គ៕










