កម្ពុជា-កូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន។ នេះបើយោងតាមរយៈជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

សម្ដេចធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ សម្ដេច ក៏បានសង្កត់ធ្ងន់ផងដែរថា សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនោះ សម្ដេចធិបតី និងរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, ឧស្សាហកម្ម, ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់សហគ្រាសកូរ៉េ, ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕