រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីមានការណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឱ្យពិនិត្យលើទិដ្ឋភាពច្បាប់ សម្រាប់អនុវត្ដចំពោះក្មេងទំនើង, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់ និងសមស្របទៅនឹងបរិបទសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងបម្រើដល់ប្រយោជន៍របស់សង្គមជាតិ ព្រមទាំងការគិតគូរអំពីវិធានការដែលផ្តោតលើការអប់រំ កែប្រែ និងស្តារនីតិសម្បទារបស់ក្មេងទំនើង សំដៅធានាការធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញដោយជោគជ័យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕