វៀតណាម ចាយលុយជិត ៣ពាន់លានដុល្លារ លើការនាំចូលអាហារសមុទ្រពីបរទេស

អន្តរជាតិ

ប្រទេសវៀតណាម បានចំណាយទឹកប្រាក់អស់ប្រហែល ២,៧៣ពាន់លានដុល្លារ លើការនាំចូលអាហារសមុទ្រពីបរទេស ក្នុងរយៈពេល ១០ខែកន្លងមកនេះ ដែលជាការកើនឡើងជាង ៣០% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមតួលេខខាងលើនេះ ត្រូវបានប្រកាសដោយក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដោយនៅក្នុងខែតុលាតែមួយ ការនាំចូល បានឈានដល់ចំនួនជាង ៣០៤លានដុល្លារឯណោះ ដែលបានឆ្លុះបញ្ចាំងអំពីតម្រូវការ និងការប្រើប្រាស់នៅក្នុងស្រុក។

យ៉ាងណាមិញ វៀតណាម ភាគច្រើននាំចូលអាហារសមុទ្រពីប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងន័រវែស ដែលមានចំនួន ១៥% ១៤,២% និង ១០,៧% នៃតម្លៃសរុបរៀងៗគ្នា ដោយបន្ថែមពីលើទីផ្សារមួយចំនួនទៀត។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចូលពីប្រទេសឥណ្ឌាបានកើនឡើងទ្វេដង ខណៈពីឥណ្ឌូណេស៊ី កើនឡើង ៥៨% និងពីន័រវែសកើនឡើង ១៧% ដែលបង្ហាញថា វៀតណាមកំពុងពឹងផ្អែកលើវត្ថុធាតុដើមពីបរទេសកាន់តែខ្លាំងឡើង ជាពិសេសក្នុងរដូវកាលនាំចេញនៃអាហារសមុទ្រកែច្នៃ។

ជម្រាបជូនថា យោងតាមរបាយការណ៍ពី ​​VASEP បានបង្ហាញឲ្យដឹងថាប្រទេសវៀតណាម មានរោងចក្រកែច្នៃអាហារសមុទ្រជាង ៦០០ ដែលនាំចេញភាគច្រើនទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងចិន។ តែទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ក្នុងស្រុក ជាពិសេសបង្គា ត្រីសមុទ្រ និងអាហារសមុទ្រលំដាប់ខ្ពស់ផ្សេងទៀត គឺមិនស្ថិតស្ថេរនោះទេ៕