តម្លៃប្រេងអន្តរជាតិប្រភេទ Brent បានកើនឡើងជាង ៣% បន្ថែមទៀត គិតនៅត្រឹមទី៨ មិថុនា បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រទេសលីបង់សារជាថ្មី បើទោះបីជាមានបទឈប់បាញ់ កាលពីពេលថ្មីៗនេះក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រេងឆៅ Brent បានកើនឡើង ៣,២០ដុល្លារ ឬ ៣,៣៩% ដល់ ៩៦,២៤ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ២,៨៧ដុល្លារ ឬ ៣,១៧% ដល់ ៩៣,៤១ដុល្លារក្នុងមួយបារ៉ែល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា មានសម្លេងផ្ទុះនៅក្នុងទីក្រុងសំខាន់ៗជាច្រើន ក្នុងតំបន់មជ្ឈិមបូព៌ា ដែលធ្វើឲ្យបាត់បង់ក្តីសង្ឃឹមសម្រាប់ការបញ្ចប់សង្គ្រាមកាន់តែទូលំទូលាយ និងការចាប់ផ្តើមលំហូរប្រេងឆៅឡើងវិញតាមរយៈច្រកសមុទ្រ Hormuz ដ៏សំខាន់។
គួរជម្រាបជូនផងដែរថា អ៊ីស្រាអែល បានឈ្លានពានលីបង់ នៅក្នុងខែមីនា បន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកឆ្លងកាត់ព្រំដែន។ លីបង់ និងអ៊ីស្រាអែល បាននិយាយនៅថ្ងៃទី៣ ខែមិថុនាថា ពួកគេបានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយមួយ បន្ទាប់ពីមានការចរចានៅទីក្រុងវ៉ាស៊ីនតោន៕

